ខេត្តសៀមរាប៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តសៀមរាប បានចុះប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធអ៊ិនធឺណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនជាតិចិន ៦នាក់ រួចបញ្ចូនមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅក្នុងសណ្ឋាគារ ហ្គោល ឌី យ៉ាណា បន្ទប់លេខ ៣០៥ ៣០៦ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោក ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់ នី ស្នងកានគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទឲ្យដឹងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ថា ដោយមានការសហការល្អ ជាម្ចាស់សណ្ឋាគារ ទើបលោកបានឲ្យ លោក វរសេនីយ៍ឯក ជា គឹម សាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ ដឹកនាំកម្លាំងក្រោមឱវាទ និង ដឹកនាំសម្របសម្រួលដោយ លោក រៀម ចន្ទ មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានដេការឆែកឆេរ លេខ ០១. ដក. ឆឆ <<ក>>/១៧ ចុះថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧របស់សាលាដំបូងខេត្តសៀមរាប បានចុះ ប្រតិប្រតិ្តការបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់តាមប្រព័ន្ធ អ៊ិន ធឺ ណែត នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តរបស់យើង។
លោកបានបន្តថា ជនសង្ស័យទាំង៦នាក់នោះរួមមាន៖
ទី១/ឈ្មោះ CHEN JIANG LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E50807005
ទី២/ឈ្មោះ CHEN BIN BIN ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E6185156
ទី៣ /ឈ្មោះ CHEN DE LIN ភេទប្រុសកើតឆ្នាំ១៩៨៦ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E 60862104
ទី៤ /ឈ្មោះ CHEN YU LIN ភេទប្រុសកើតឆ្នាំ១៩៧៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E53663004
ទី៥/ឈ្មោះ CHEN BAO LIN ភេទប្រុសកើតឆ្នាំ១៩៨៩ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E52310697 និង
ទី៦/ឈ្មោះ GUAN JIAN QIANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E96790365។
ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ កុំព្យួទ័រយួរដៃចំនួន៦គ្រឿង,ទូរស័ព្ទដៃចំនួន៥គ្រឿង និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា៕ ប៊ុន រិទ្ធី