ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានធ្វើការឃាត់ខ្លួនចោរស្រីវ័យក្មេងម្នាក់ជំនាញខាងលួចកាបូបលុយ ប្រជាពលរដ្ឋដែលចូលទៅក្នុងផ្សារទួលគោក ដើម្បីទិញម្ហូបនិងអីវ៉ាន់នោះ កាលពីវេលាម៉ោង១១និង៣៦នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ខោអាវនៅតូបលេខB72.73 ក្នុងបរិវេណផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីសង្ស័យឈ្មោះ ហ៊ុន ស្រីណា អាយុ២៣ឆ្នាំ ភេទស្រីមុខរបរពុំពិតប្រាកដមានទីលំនៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។ចំណែកឯនារីរងគ្រោះឈ្មោះឡុង ស្រីមុី ភេទស្រីអាយុ២០ឆ្នាំ មុខរបរលក់ខោអាវនៅតូបលេខB72.73ក្នុងផ្សារទួលគោកភូមិ១៣មានទីលំនៅផ្ទះជួលលេខ២ ផ្លូវលេខ៦០៨ ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុគឺចោរស្រីវ័យក្មេងរូបនេះ បានដើរចូលទៅក្នុងផ្សារទួលគោក លុះដើរមកដល់កន្លែងកើតហេតុ ធ្វើជាតថ្លៃខោអាវ ពេលនោះជនរងគ្រោះរវល់លក់ឲ្យអ្នកផ្សេងដោយឃើញឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពលួចយកកាបូបជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេចខ្លួន ស្រាប់តែជនរងគ្រោះថាខ្លួនបាត់កាបូបក៏ស្រែកផ្អើលឆោឡោ ភ្លាមនោះសមត្ថកិច្ចដែលកំពុងយាមផ្សារចាប់ឃាត់ខ្លួននិងដកហូតបានវត្ថុតាំងជាក់ស្តែងផងដែរ ។
ក្រោយកើតហេតុវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន ៖ កាបូបដៃចំនួន២ ទី១ពណ៍ខ្មៅចំរុះ និងមួយទៀត ពណ៍ផ្កាឈូកនៅក្នុងកាបូបមានលុយ(៤០$)និងលុយខ្មែរ៨មុឺនរៀល(ជារបស់ជនរងគ្រោះប្រគល់ឲ្យម្ចាស់វិញ)ចំណែក ទូរសព្ទ័អុិនចុចពិល១ (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ស តារា