ព័ត៌មានទាន់ហេតុការណ៍៖

សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានស្នើឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមសម្រេចថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានស្នើឱ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមសម្រេចថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងទៀតដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈនៅក្នុងអាពាហ៍ពិពាហ៍ទាំងនោះ។

ការស្នើសុំនេះបានធ្វើឡើងនៅថ្ងៃទី២ នៃដំណើរការសវនាការធ្វើសេចក្តីសន្និដ្ឋានបិទ បញ្ចប់ការពិភាក្សាដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ នេះ។

សហព្រះរាជអាជ្ញាបានធ្វើសារណាដោយផ្ទាល់មាត់លើទាក់ទងនឹងអង្គហេតុការ រៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងរបបខ្មែរក្រហមដោយបានលើកមកបង្ហាញនូវសក្ខីកម្ម និងឯកសារភស្តុតាងជាច្រើនដើម្បីឱ្យលើសពីវិមតិ សង្ស័យ។ សហព្រះរាជអាជ្ញារងជាតិ លោក សេង ប៊ុនឃាង បានលើកឡើងថា ភស្តុតាងនៃការប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះមានយ៉ាងច្រើនសន្ធឹកសន្ធាបដែលជាស្ថានទម្ងន់ មានទាំងការឈឺចាប់ដែលមិនអាចប្រកែកបាន។ ព្រះរាជអាជ្ញាបានលើកឡើងថារបបខ្មែរក្រហមបានដាក់គោលនយោបាយជាក់លាក់ក្នុងការបង្កើនចំនួនប្រជាជនក្នុងរយៈពេលពី ១០ ទៅ ១៥ ឆ្នាំគឺត្រូវបង្កើនចំនួនប្រជាជនកម្ពុជាឱ្យបាន ២០លាននាក់។

នៅថ្ងៃទី២ នៃសវនាការ ធ្វើសេចក្តីសន្និដ្ឋានបិទ បញ្ចប់ការពិភាក្សាដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២/០២ សហព្រះរាជអាជ្ញាបានធ្វើសេចក្តីសន្និដ្ឋានទាក់ទងនឹងឧក្រិដ្ឋកម្មលើអង្គហេតុដាក់ជាទាសភាពនៃប្រជាជនកម្ពុជាតាមរយៈការធ្វើការងារនៅតាមការដ្ឋានការងារនានានៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញផងដែរអំពីការ ធ្វើទុកបុកម្នេញទៅលើអ្នកកាន់ព្រះពុទ្ធសាសនា។

នៅក្នុងសារណារបស់ខ្លួន សហព្រះ រាជអាជ្ញាបានលើកឡើងថា ជនជាប់ចោទនៅក្នុងសំណុំរឿងក្តី ០០២/០២គឺ នួន ជា បងធំទី២ និងខៀវ សំផន ជាមុខមាត់សាធារណៈរបស់ខ្មែរក្រហម និងជាប្រធានរដ្ឋនៅក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ពួកគេ បានស្វែងរកគ្រប់វិធីដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់របបនេះ។

ពួកគេ ម្នាក់ៗនិយាយឱ្យចំគឺ នួន ជា តែម្តង បានអះអាងថា ការសម្លាប់ក្រៅអំណាចតុលាការ គឺជារឿងចាំបាច់ដើម្បីការពារ ប្រទេសពីខ្មាំងបរទេស ដូច្នេះវាជារឿងត្រឹមត្រូវ។ ពួកគេម្នាក់ៗនិយាយឱ្យចំគឺខៀវ សំផន តែម្តងបានអះអាងថា គាត់មិនបានដឹងពីអ្វីដែលបានកំពុងកើតឡើងចំពោះប្រជាជនកម្ពុជាទេ ហើយថាគាត់គ្មានអំណាចដើម្បីដើរតួនាទីនៅក្នុងឧក្រិដ្ឋកម្មទាំងនេះដែរ»។

សហព្រះរាជអាជ្ញាបានបន្តទៀតថា ប៉ុន្តែភស្តុតាងបានបង្ហាញថា នួន ជា និងខៀវសំផន សុទ្ធតែមានតួនាទី ដែលគេបានស្គាល់ ឬដែលសំខាន់បំផុតក្នុង ការឃោសនាឱ្យមានឧក្រិដ្ឋកម្មដែលគេមិនអាចមានអ្វីជាយុត្តិកម្មបាន។ ពួកគេទាំងពីរនាក់គឺជាអ្នកសេពគប់គ្នាជិតស្និទ្ធបំផុតរបស់ ប៉ុល ពត ដែលមេដឹកនាំបក្ស កុម្មុយនិស្តិកម្ពុជាដែលជាមនុស្សស្ថិតនៅក្នុងចំណោមក្រុមតូចមួយ នៃមេដឹកនាំបក្សនេះដែលបានចូលរួមក្នុងផែនការមួយ ដើម្បីប្រើប្រាស់គោលនយោបាយ ឧក្រិដ្ឋកម្មដើម្បីរក្សាការក្តាប់អំណាចរបស់ខ្លួន និងដើម្បីលាក់កំបាំងភាពបរាជ័យនៃអភិបាលកិច្ច របស់ខ្លួន។

សហព្រះរាជអាជ្ញាបានលើកឡើងថា ដើម្បីពន្លឿនដល់កម្មវិធីនយោបាយនេះ របបខ្មែរក្រហម ក៏បានប្រឌិតឡើងនូវគោលនយោបាយឧក្រិដ្ឋនានា ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេស។ របបខ្មែរក្រហម បានចាប់ផ្សឹកព្រះសង្ឃ ធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកជន និងបានហាមឃាត់ការប្រតិបត្តិ សាសនាទាំងអស់។ ទីក្រុងនានាត្រូវបានគេបោសសម្អាតយ៉ាងស្ងាត់ជ្រងំ ហើយអ្នករស់នៅទីក្រុងទាំងនោះត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅ រស់នៅតាមជនបទ។

ប្រជាជនភាគច្រើនត្រូវបានបញ្ជូនឱ្យទៅធ្វើពលកម្មនៅតាមការដ្ឋាន និងសហករណ៍នៅក្រោម លក្ខខណ្ឌនានាដែលមានតម្លៃស្នើនឹងការធ្វើឱ្យទៅជាទាសករ។តាមរយៈការបង្ហាញភស្តុតាងទាំងអស់នេះ សហព្រះរាជអាជ្ញា បានធ្វើសេចក្តីសន្និដ្ឋានថា ឆ្លងតាមដំណើរការសវនាការ និងការស្តាប់សក្ខីកម្មសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញព្រមទាំងឯកសារជាច្រើនម៉ឺនបានបញ្ជាក់ថាមានភស្តុតាងលើសពីវិមតិសង្ស័យដែលជនជាប់ចោទ នួន ជា និងខៀវ សំផន គឺជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលបានកើតឡើង។ សហព្រះរាជអាជ្ញានឹងបន្តធ្វើសារ ណារបស់ខ្លួនបន្តទៀតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៧ ៕ សហការី


ចែករំលែក៖