ភ្នំពេញ៖ បុរសម្នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនលក់ថ្នាំពេទ្យបោះដំដ៏ធំមួយ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន តាមបណ្តឹងចោទរបស់ប្រធានក្រុមហ៊ុននេះថា បានបន្លំលួចបោកយកលុយអស់ជិត៦ម៉ឺនដុល្លារ ចាប់តាំងពីឆ្នាំ២០១៣ បន្តរហូតមកដល់ថ្ងៃនេះ ទើបដឹងនិងរកភស្តុតាងឃើញ ហើយត្រូវឃាត់នៅវេលាម៉ោង១៦ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនត្រូវចោទ និងបានឃាត់ខ្លួនខាងលើ ឈ្មោះ សុខ ចាន់តូ ហៅតូ អាយុ៣៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឥន្ឋ ឆាយណាហ្វាម៉ា មានទីលំនៅផ្ទះលេខ៤០៩ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកស្រី អៀម ពៅ អាយុ៤៧ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនឥន្ឋឆាយណាហ្វាម៉ា មានទីតាំងនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជាដើមបណ្តឹងក្នុងករណីរឿងនេះ បានរៀបរាប់បំភ្លឺប្រាប់សមត្ថកិច្ចថា ÷ ចាប់តាំងកាលពីអំឡុង ខែតុលា ឆ្នាំ២០១៣ លោក សុខ ចាន់តូ ហៅតូបានមកដាក់ពាក្យសុំបំរើការងារផ្នែកលក់ចែកចាយថ្នាំរបស់ក្រុមហ៊ុនគាត់ ដែលក្រោយមកជននេះ បានប្រមូលយកលុយមកទុកខ្លួនឯងមួយចំនួនដោយប្រើល្បិចភូតកុហក់ថា ម៉ូយ(អតិជន)ជាអ្នកទទួលទិញយកទៅលក់បន្តនោះគេសុំជំពាក់សិន ហើយលួចយកវិក័យប័ត្រ ក្រុមហ៊ុនមកសរសេរបង្វែងដានបន្លំឯកសារយកមកប្រគល់អោយក្រុមហ៊ុនវិញ។
ប្រភពដដែលនេះបានបញ្ជាក់ថា ដោយមានការសង្ស័យបាត់លុយចំណេញច្រើនពេកដែលឯកសារជំពាក់នោះមានចំនួនរហូតដល់ ៥៩៧៧២ដុល្លារ អាមេរិក ឯណោះ ក៏ចុះទៅស្រាវជ្រាវជួបអតិថិនដែលជំពាក់ផ្ទាល់ទាំងអស់គ្រប់ម៉ូយទើបដឹងថា គេ(ម៉ូយ)បានប្រគល់ទូទាត់លុយអោយអស់ៗរួចហើយ គ្មានអ្នកជំពាក់សោះទើប ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានអោយមកចាប់ខ្លួនជននេះចាត់ការតាមច្បាប់ តែម្តង។
ជនជាប់ចោទព្យាយាមបដិសេធ ប៉ុន្តែនៅពេលមានឯកសារមានសាក្សីគ្រប់គ្រាន់ទើបសារភាពថា ពិតជាបានប្រព្រឹត្តឆបោកយកលុយថៅកែក្រុមហ៊ុន មកចាយវាយមែន ដោយចាយអស់ទៅហើយ ៕ តុង សីហា