ខេត្តស្វាយរៀងៈ ផ្លូវមួយខ្សែ ដែលជាការស្ថាបនាឡើងដោយកងវិស្វកម្ម នៃក្រសួងការពារជាតិចាប់ពីផ្លូវជាតិលេខ១ ចំណុចផ្សារស្វាយជ្រំ ឆ្លងកាត់ជាច្រើនឃុំ ឆ្ពោះទៅព្រំដែនច្រករបៀងគ្រួស កំពុងរងការខូចខាត ដោយសាររថយន្តដឹកអេតចាយរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ បើកឆ្លងកាត់លើផ្លូវនេះ ដោយមិនរំខានដល់អាជ្ញាធរស្រុកស្វាយជ្រំនោះទេ។
ប្រជាពលរដ្ឋនៅឃុំគ្រួស ស្រុកស្វាយជ្រំ ដែលជាឃុំជាប់នឹងព្រំដែនវៀតណាមបានឲ្យដឹងថា នៅច្រករបៀងព្រំដែនគ្រួសនេះ ទោះបីមានការណែនាំពីក្រសួងមហាផ្ទៃ ហាមបើកឲ្យចរាចរទំនិញ និងមនុស្សឆ្លងកាត់យ៉ាងណាក៏ដោយក៏សមត្ថកិច្ចនៅច្រកនេះ មានប៉ូលិសព្រំដែន និងទាហានព្រំដែនមិនខ្ចីខ្វល់ឈឺក្បាលហាលថ្ងៃអ្វីឡើយ ដោយបានអនុញ្ញាតឲ្យទំនិញគ្រប់សារពើចេញ ចូលតាមច្រកនេះ ដោយរលូន ជាពិសេសនោះ មានរថយន្តដឹកអេតចាយដូចក្បូនហែរកឋិន សុទ្ធតែប្រភេទរថយន្តខ្នាតយក្សដឹកបំផ្លាញផ្លូវរបស់កងវិស្វកម្ម។
ពលរដ្ឋបានបន្តទៀតថា ផ្លូវក្នុងស្រុកស្វាយជ្រំនេះខូចស្ទើរគ្រប់កន្លែងដោយសារមានរថយន្តធំៗបើកឆ្លងកាត់ និងខណៈដែលស្ថាបនាផ្លូវពុំបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសបានតែមួយឆ្នាំពីរឆ្នាំខូចទៅវិញ។
ប្រជាពលរដ្ឋសំណូមទៅអភិបាលស្រុកស្វាយជ្រំមេត្តាជួយទប់ស្កាត់រថយន្តដឹកអេតចាយផងទានបើពុំដូច្នោះទេ ច្បាស់ជាខ្ទេចខ្ទីផ្លូវអស់ហើយម្យ៉ាងវិញទៀត សូមអនុវត្តសារាចរណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីបិតច្រករបៀងនានា ដែលជាប់នឹងប្រទេសជិតខាងឲ្យមានប្រសិទ្ធភាពផង។
លោក សុទ្ធ គឹមច័ន្ធ អភិបាលស្រុកស្វាយជ្រំបានប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលកន្លមកថា៖ ចំពោះរថយន្តដឹកអេតចាយខាងស្រុក លោកក៏បានដឹងដែរ ប៉ុន្តែមិនដឹងមេចបើមិនឲ្យរត់ ក្រុមអ្នកបើករថយន្តនឹងស្រែក។ លោកបានបន្តទៀតថា ផ្លូវនេះនៅក្នុងគម្រោងគេកំពុងជួសជុល ហើយចាក់កៅស៊ូហែៗតទៅទៀត និយាយរួមឲ្យពេញចិត្តណារមួយនោះបានទេ តែធ្វើរួចដូចផ្លូវជាតិលេខ១បានល្អទាំងគ្នាម៉ង ហើយផ្លូវដីនឹងវាខូចតាំងពីរដូវភ្លៀងឆ្នាំរួចនោះឥឡូវបានកែសម្រួលហើយដោយសារតែផ្លូវចុះពីខាងកើតផ្សារក្រោលគោ គេកំពុងជួសជុលដែរ ផ្លូវក្រោលគោហ្នឹងវាពិបាកជាងផ្លូវនេះ ដូច្នេះហើយទើបបានគេចេញតាមផ្លូវនេះ។
រីឯផ្លូវត្រូវឈុះឆាយហើយចាប់ក្លោងទ្វារវត្តទៅត្បូងបណ្តើរៗ ហើយក្នុងឆ្នាំក្រោយៗ និងអាចចាក់កៅស៊ូតាមដំណាក់ការតតែដល់ច្រកព្រំដែនតែម្តង៕ យឹម សុថាន