ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ​មួយ​ខ្សែ​ចំណុច​ផ្សារ​ស្វាយជ្រំ​ឆ្លងកាត់​ច្រើន​ឃុំ​ឆ្ពោះទៅ​ព្រំដែន​ច្រករបៀង​គ្រួស​ត្រូវបានបំផ្លាញដោយរថយន្តធុនយក្យដឹកអេតចាយ

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ ផ្លូវ​មួយ​ខ្សែ​ ដែលជា​ការស្ថាបនា​ឡើង​ដោយ​កងវិស្វកម្ម​ នៃ​ក្រសួងការពារជាតិ​ចាប់ពី​ផ្លូវជាតិ​លេខ​១ ​ចំណុច​ផ្សារ​ស្វាយជ្រំ ​ឆ្លងកាត់​ជាច្រើន​ឃុំ​ ឆ្ពោះទៅ​ព្រំដែន​ច្រករបៀង​គ្រួស ​កំពុង​រង​ការខូចខាត​ ដោយសារ​រថយន្ត​ដឹក​អេតចាយ​រាប់សិប​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ បើក​ឆ្លងកាត់​លើផ្លូវ​នេះ​ ដោយមិន​រំខាន​ដល់​អាជ្ញាធរ​ស្រុក​ស្វាយជ្រំ​នោះទេ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​គ្រួស​ ស្រុក​ស្វាយជ្រំ​ ដែលជា​ឃុំ​ជាប់​នឹង​ព្រំដែន​វៀតណាម​បានឲ្យដឹងថា នៅ​ច្រករបៀង​ព្រំដែន​គ្រួស​នេះ​ ទោះបី​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ​ ហាម​បើក​ឲ្យ​ចរាចរ​ទំនិញ​ និង​មនុស្ស​ឆ្លងកាត់​យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច​នៅ​ច្រក​នេះ ​មាន​ប៉ូលិស​ព្រំដែន និង​ទាហាន​ព្រំដែន​មិន​ខ្ចី​ខ្វល់​ឈឺក្បាល​ហាលថ្ងៃ​អ្វី​ឡើយ ​ដោយបាន​អនុញ្ញាតឲ្យ​ទំនិញ​គ្រប់​សារពើចេញ ចូល​តាម​ច្រក​នេះ ​ដោយ​រលូន​ ជាពិសេស​នោះ ​មាន​រថយន្ត​ដឹក​អេតចាយ​ដូច​ក្បូន​ហែរ​កឋិន​ សុទ្ធតែ​ប្រភេទ​រថយន្ត​ខ្នាត​យក្ស​ដឹក​បំផ្លាញ​ផ្លូវ​របស់​កងវិស្វកម្ម​។

​ពលរដ្ឋ​បាន​បន្តទៀតថា​ ផ្លូវ​ក្នុងស្រុក​ស្វាយជ្រំ​នេះ​ខូច​ស្ទើរ​គ្រប់កន្លែង​ដោយសារ​មាន​រថយន្ត​ធំៗ​បើក​ឆ្លងកាត់​ និង​ខ​ណៈ​ដែល​ស្ថាបនា​ផ្លូវ​ពុំបាន​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​បាន​តែមួយ​ឆ្នាំ​ពីរ​ឆ្នាំ​ខូច​ទៅវិញ​។

ប្រជា​ពលរដ្ឋ​សំណូម​ទៅ​អភិបាលស្រុក​ស្វាយជ្រំ​មេត្តាជួយ​ទប់ស្កាត់​រថយន្ត​ដឹក​អេតចាយ​ផង​ទាន​បើ​ពុំ​ដូ​ច្នោះ​ទេ ​ច្បាស់​ជា​ខ្ទេចខ្ទី​ផ្លូវ​អស់ហើយ​ម្យ៉ាងវិញទៀត ​សូម​អនុវត្ត​សារាចរ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​បិត​ច្រករបៀង​នានា​ ដែល​ជាប់​នឹង​ប្រទេសជិតខាង​ឲ្យមាន​ប្រសិទ្ធភាព​ផង។
​​
លោក សុទ្ធ គឹម​ច័​ន្ធ អភិបាលស្រុក​ស្វាយជ្រំ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាននាពេលកន្លមក​ថា​៖​ ចំពោះ​រថយន្ត​ដឹក​អេតចាយ​ខាង​ស្រុក​ លោក​ក៏បាន​ដឹង​ដែរ​ ប៉ុន្តែ​មិនដឹង​មេច​បើ​មិនឲ្យ​រត់​ ក្រុម​អ្នកបើករថយន្ត​នឹងស្រែក​។ លោក​បាន​បន្តទៀតថា ផ្លូវ​នេះ​នៅក្នុង​គម្រោង​គេ​កំពុង​ជួសជុល ហើយ​ចាក់​កៅស៊ូ​ហែៗ​តទៅទៀត​ និយាយ​រួម​ឲ្យ​ពេញចិត្ត​​ណារ​មួយ​នោះបានទេ តែ​ធ្វើ​រួច​ដូច​ផ្លូវជាតិ​លេខ​១​បានល្អ​ទាំង​គ្នា​ម៉​ង ហើយ​ផ្លូវដី​នឹង​វា​ខូច​តាំងពី​រដូវភ្លៀង​ឆ្នាំ​រួច​នោះ​ឥឡូវ​បាន​កែសម្រួល​ហើយ​ដោយសារតែ​ផ្លូ​វចុះ​ពី​ខាងកើត​ផ្សារ​ក្រោលគោ​ គេ​កំពុង​ជួសជុល​ដែរ​ ផ្លូវ​ក្រោលគោ​ហ្នឹង​វា​ពិបាក​ជាង​ផ្លូវ​នេះ ​ដូច្នេះ​ហើយ​ទើបបាន​គេ​ចេញ​តាមផ្លូវ​នេះ​។

រីឯ​ផ្លូវត្រូវ​ឈុះ​ឆាយ​ហើយ​ចាប់​ក្លោងទ្វារវត្ត​ទៅ​ត្បូង​បណ្តើរៗ​ ហើយ​ក្នុង​ឆ្នាំក្រោយៗ​ និង​អាច​ចាក់​កៅស៊ូ​តាម​ដំណាក់​កា​រត​តែ​ដល់​ច្រកព្រំដែន​តែម្តង​៕ យឹម សុថាន


ចែករំលែក៖