ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ធ្វើសកម្មភាពលក់ចែកចាយគ្រឿងញៀននៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ៥ឆ្នាំមកហើយត្រូវបានកម្លាំងអាវុធហត្ថបង្រ្កាប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម នៅខេត្តបន្ទាយមានជ័យ ហើយជាមុខសញ្ញាលក់ចែកចាយថ្នាំញៀន៥ឆ្នាំមកហើយ ទើបរងការបង្ក្រាបចាប់ឃាត់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ។

កម្លាំងអាវុហត្ថបង្រ្កាបកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងលិចផ្សារមហាសាល ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី សោភ័ណ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានគ្រឿងញៀនចំនួន២ថង់តូចធំ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនមានឈ្មោះ ជុំ សុខឡៃ ភេទប្រុស អាយុ២៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិ សង្កាត់ខាងលើ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក តេង សាម៉ៃ ព្រះរាជអារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀនខាងលើ បានសម្រេចនៅពេលនេះ ក្រោយពីមានការស្រាវជ្រាវស៊ើបអង្កេតចំណាយពេលជាច្រើនថ្ងៃ ទើបកំណត់បានមុខសញ្ញាឈានដល់ការង្រ្កាបចាប់ឃាត់ខ្លួន ។ ជនសង្ស័យរូបនេះជាមុខសញ្ញាចាស់មានភាពប៉ិនប្រសប់រាល់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន មានការផ្លាស់ប្តូរចល័តទីតាំងគ្រប់រូបភាព ទើបធ្វើឱ្យសមត្ថកិច្ចពិបាកស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យកន្លងមក។

លោកមេបញ្ជាការងប្រាប់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀន២ថង់ខាងលើរូបគេទិញតម្លៃសរុប៥០០ដូល្លា ហើយយកមកលក់ចែកចាយបន្តបានលុយពី៧០០ដូល្លារទៅ៨០០ដូល្លារចំណេញបានយ៉ាងហោចណាស់ពី២០០ដូល្លារទៅ៣០០ដូល្លារ ក្នុង១លើក។

ជនសង្ស័យគ្រឿងញៀនឈ្មោះ ជុំ សុខឡៃ ក្រោយពីកម្លាំងជំនាញអាវុធហត្ថសាកសួររួចហើយ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បានកសាងសំណុំរឿងចាប់ញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖