ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសសិង្ហបុរី២នាក់ត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងមហា ផ្ទៃសិង្ហបុរីបានប្រកាសថា ប៉ូលិស២នាក់នៅ ក្នុងប្រទេសនេះត្រូវបានចាប់ខ្លួនដោយសារ តែជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្ម។ ការចាប់ខ្លួនធ្វើឡើងទៅតាម ច្បាប់សន្តិសុខផ្ទៃក្នុង ISA របស់សិង្ហបុរី។

ប៉ូលិសម្នាក់ឈ្មោះ Muhammad Khai rul Mohamed អាយុ២៤ឆ្នាំ ត្រូវបានចាប់ ខ្លួនកាលពីចុងខែឧសភា ដោយចោទប្រកាន់ ថាបានឡើងគម្រោងធ្វើដំណើរទៅកាន់ ប្រទេសស៊ីរីចូលរួមជាមួយក្រុមភេរវកម្ម ប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់ អាសាដ។ ចំណែកប៉ូលិសម្នាក់ទៀតឈ្មោះ Mohamad Rizal Wahid អាយុ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទគាំទ្រគម្រោងរបស់មិត្តរួមការងារក្នុងការចូលរួមជាមួយក្រុមភេរវកម្ម។

ប៉ូលិសទាំង២នាក់ខាងលើមានតួនាទីត្រួតពិនិត្យសន្តិសុខនៅតាមអគារខ្ពស់ៗ និងតំបន់ដែលមានមនុស្សច្រើន។

កាលពីចុងសប្តាហ៍កន្លងមក ក្រសួង មហាផ្ទៃសិង្ហបុរីបានប្រកាសថា បានចាប់ ខ្លួនស្ត្រីម្នាក់ឈ្មោះ Syaikhah Izzah Zahrah Akl Absaru ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធក្រុមភេរវកម្ម។ នាង Syaikhah មានអាយុ២២ឆ្នាំ មានគម្រោងបញ្ជូនកូនទៅកាន់ស៊ីរីដើម្បីចូលរួមជាមួយក្រុម IS ធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលស៊ីរី។

ភេរវករដែលកើតចេញពីពលរដ្ឋនៅ ក្នុងប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន គឺជាក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារ ភេរវកម្ម មិនអាចការពារទាន់ពេលវេលា។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មនេះដែរ យន្តហោះចម្បាំងហ្វុីលីពីន បានចេញប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ក្រុមឧទ្ទាមមួយចំនួន។ ចំណែកកងកម្លាំងលើគោកបានបង្កើនការវាយសម្រុកយ៉ាងខ្លាំងទៅលើកម្លាំងសកម្មប្រយុទ្ធអ៊ិស្លាម ដែលកំពុងស្ថិតនៅក្នុងទី ក្រុងម៉ារ៉ាវី ហើយមន្ត្រីនាំពាក្យយោធាបាននិយាយថា ប្រតិបត្តិការវាយលុកលើកនេះ គឺមានគោលបំណងបញ្ចប់សង្គ្រាមឲ្យបានមុនថ្ងៃបុណ្យ Eid នៅចុងសប្ដាហ៍នេះ។

យោងតាមការចុះផ្សាយរបស់កាសែត រ៉យទ័រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៧ បានឲ្យដឹងថា ប្រតិបត្តិការវាយ លុកថ្មីនេះ ត្រូវបានធ្វើឡើងស្របគ្នានឹង មានក្តីព្រួយបារម្ភថា កងកម្លាំងជំនួសរបស់ពួករដ្ឋអ៊ិស្លាមជ្រុលនិយមនឹងមកដល់បន្ទាប់ ពីពិធីបុណ្យ Eid al-Fitr ដែលជាសញ្ញានៃការចប់ខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាឌនរបស់ មូស្លីម។

សូមជម្រាបផងដែរថា ការប្រយុទ្ធគ្នានៅទីក្រុងម៉ារ៉ាវី រហូតមកដល់បច្ចុប្បន្ននេះ បានឈានចូលសប្ដាហ៍ទី៥ហើយ ដោយបានផ្តាច់យកជីវិតមនុស្សជិត៣៥០នាក់ ហើយប្រជាជនដែលកំពុងភៀសខ្លួនគេចពីសង្គ្រាមនេះ បាននិយាយថា ពួកគេបានឃើញសាកសពជាច្រើននៅខាងក្នុងកម្ទេច អគារបាក់បែកដែលបំផ្លាញដោយសារការទម្លាក់គ្រាប់បែក និងការបាញ់តទល់គ្នា៕ ម៉ែវ សាធី


ចែករំលែក៖