ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន៤៨កញ្ចប់ ពីរករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ រយះពេល២ថ្ងៃជាប់គ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹត ធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៤៨កញ្ចប់ ។

ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទិត្យ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់(ប្រភេទម៉ាទឹកកក)។

ករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង១១និង០៣នាទីព្រឹក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ពៅ សុខហៀង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារសែនសុខ សង្កាត់ទួលឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ឈ្មោះ សឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ក្រាមសថ្លា៤០កញ្ចប់តូច (សង្ស័យគ្រឿងញៀន), ម៉ូតូ០១គ្រឿង ម៉ាក PCX ពាក់ស្លាកលេខ 1BZ-4491 ភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌទួលគោក នាំមកសាកសួរ ដើម្បីកសាង និងបញ្ជូនជនសង្ស័យបន្តទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖