ខេត្តកំពង់ឆ្នាំង ៖ ឈើធ្នង់ជាច្រើនកំណាត់ដែលឈ្មួញដឹកតាមរថយន្តយីឌុប ត្រូវបានសមត្ថកិច្ចតាមចាប់បាន នៅពេលក្រុមឈ្មួញបានបើករថយន្តដឹកឈើនេះ មកដល់ត្រង់ចំណុច ខាងមុខគីមីសាស្ត្រលង្វែក ស្ថិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់បាននោះម៉ាកហ្វុយស៊្សូ ពណ៍សពាក់ស្លាកលេខ ចង្កូតស្តាំ PS០០៣២ ។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនឈានដល់ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះសមត្ថកិច្ចមានការសង្សយ័ ហើយបានបើករថយន្តដេញតាមឃាត់ឲ្យឈប់ ដើម្បីធ្វើការសាកសួរ តែរថយន្តអត់ឈប់ចេះតែបើកបន្តទៅមុខ ដោយសហការជាមួយសមត្ថកិច្ចចម្រុះក៍ឃាត់បាននៅចំណុចខាងលើតែម្តង ។
ក្រោយពីធ្វើការឃាត់រថយន្ត សមត្ថកិច្ចបានធ្វើការឆែកឆេនៅលើរថយន្តរកឃើញកំណាត់ឈើប្រភេទធ្នង់រាប់រយកំណាត់ខណះដែលឈ្មួញបានបង្កប់ពីក្រោមបាវអង្កាមដាក់បន្លំភ្នែកសមត្ថកិច្ច ។ រថយន្តនិងឈើត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកំពង់ត្រឡាច ។
បច្ចុប្បន្ននេះគេសង្កេតឃើញថា បទល្មើសព្រៃឈើដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានជាច្រើន ដែលដឹកតាមរថយន្តធំ និង រថយន្តតូច ពេលខ្លះ ដែលក្រុមឈ្មួញប្រើគ្រប់រូបដើម្បីបន្លំសមត្ថកិច្ច ប៉ុន្តែទោះជាយ៉ាងណានៅតាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គេឃើញសមត្ថកិច្ចចម្រុះគ្រប់ប្រភេទបានដាក់ប៉ុស្តិយាមតាមផ្លូវដើម្បីចាប់រថយន្តទាំងនោះ ប៉ុន្តែត្រូវបានមហាជនរិះគន់ថា ការដាក់ប៉ុស្តិត្រួតពិនិត្យបទល្មើសព្រៃឈើ នោះគឺគ្រាន់តែបានដាក់ សម្រាប់យកលុយពីបទល្មើសព្រៃឈើតែប៉ុណ្ណោះ យូរៗគេឃើញចាប់បានម្តង ដែលគេសង្ស័យថា អាចមកពីមិនត្រូវរ៉ូវគ្នាទើបតាមចាប់បែបនេះ ៕ ចន្ថា