ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីបើកម៉ូតូរ៉ុម៉កមកពីដើរលេងផ្ទះមិត្តភក្តិ ។
ហេតុការណ៍បាញ់សម្លាប់មនុស្សដ៏ព្រៃផ្សៃខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា បុរសរងគ្រោះឈ្មោះ ឡុច រីម អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់រ៉ុម៉ក់កង់បី (ម៉ូតូសណ្តោងរ៉ុម៉ក់) បច្ចុប្បន្នស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមប្រភពពីសាក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូសណ្តោងរ៉ុម៉ក់ ហៅ (កង់បី) ដែលមានគ្នា៣នាក់ បានធ្វើដំណើរកពីដើរលេងផ្ទះមិត្តភក្តិនៅចាក់អង្រែ ហើយឆ្ពោះត្រឡប់ទៅផ្សារសូរីយ៉ាម៉ល់ ខណៈដែលមកដល់ក្បែរស្តុបចំការមន នៅជិតវត្តថាន់ ក៏មានជនជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក់ icon មិនចាំស្លាកលេខ បានមកស្រែកឲ្យជនរងគ្រោះឈប់ៗ ដោយសារតែជនរងគ្រោះមិនស្គាល់គ្នា ក៏មិនបានឈប់ ហើយជនសង្ស័យបានជិះម៉ូតូហួសទៅមុខបន្តិច ក៏បានបក់ត្រឡប់ក្រោយ មករកជនរងគ្រោះវិញ ហើយបានដកកាំភ្លើងខ្លីមួយដើមបាញ់មកលើជនរងគ្រោះចំនួន១គ្រាប់ចំឆ្អឹងជំនីខាងឆ្វេងធ្លាយទៅម្ខាង ធ្វើឲ្យជនរងគ្រោះដេកដួលលើដីឈាមហូរស្រោចខ្លួននិយាយបានតែ២-៣ម៉ាត់ ក៏ស្លាប់នៅនឹងកន្លែង ចំណែកឯជនសង្ស័យក្រោយពីបាញ់រួច ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះអ្នកដែលរួមដំណើរនៅលើម៉ូតូសណ្តោងរ៉ុម៉ក់នោះ បានជួយសង្រ្គោះហៅរថយន្តដឹកទៅមន្ទីរពេទ្យកាលម៉ែតផងដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងកងរាជអាវុធហត្ថបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ និងធ្វើកំណត់ហេតុ ដើម្បីវែកមុខជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានយកមករក្សាទុកនៅក្នុងសាលរក្សាសាកសពបណ្តោះអាសន្នក្នុងមន្ទីរពិសោធន៍លាងឈាម ក្បែរមន្ទីរពេទ្យកាល់ម៉ែត និងរង់ចាំប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី