ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តធុនធំនឹងគោយន្តកន្រ្តៃ បណ្តាលឲ្យអ្នកបើកគោយន្តកន្ត្រៃម្នាក់ស្លាប់បាត់បង់ជីវិតស្ទើតែមើកសាកសពមិនយល់។
ហេតុការណ៍គ្រោះថ្នាក់ដ៏សែនរន្ធត់មួយនេះបានកើតមានឡើងកាលពីវេលាម៉ោង ១៧និង៣៥នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច មុខខ្លោងទ្វារវត្តពូនភ្នំ លើផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពនៅកន្លែងកើតហេតុជាជំហ៊ានដំបូងបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកគោយន្តកន្ត្រៃម៉ាកKUBOTAដឹកគ្រែដើរលក់តាមផ្លូវទំនប់កប់ស្រូវដោយស្ថានភាពផ្លូវងងឹតផង បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងប្រភេទកុងទីន័រមិនចាំស្លាកលេខបានបើកស្របទិសគ្នាមកកៀប៉ះជាមួយនិងគោយន្តកន្ត្រៃបណ្តាលឲ្យរ៉េចង្កូតធ្លាក់អ្នកបើកចូលក្រោមកង់រថយន្តកុងទីន័រ កិនស្លាប់ស្ទើរតែមើលសាកសពមិនយល់នៅកន្លែងកើតហេតុតែម្តង បន្ទាប់ពីបង្កហេតុរួចអ្នកបើករថយន្តកុងទីន័របានបន្ថែមល្បឿនទៅមុខបាត់ស្រមោល។
លោកសុិន សុវណ្ណនាយផ្នែកចរាចរណ៍ប្រចាំនៅខណ្ឌព្រែកព្នៅបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៉ិន ឃីម ភេទ ប្រុស អាយុ 45 ឆ្នាំ ស្នាក់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរបើកគោយន្តកន្ត្រៃលក់គ្រែនៅភ្នំពេញបានស្លាប់នៅកន្លែងកើតហេតុ លោកសុិន សុវណ្ណបន្តថា ដោយកន្លែងកើតហេតុមានសភាពងងឹតផងទើបង្ករឲ្យមានគ្រោថ្នាក់ចរាចរណ៍កើតឡើងយ៉ាងនេះ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅស្រុកកំណើតផងដែរ៕ ព្រែកជ័យ