ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនពីបទរក្សាដាវ និងសម្ភារជក់គ្រឿងញៀន កាលវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ទី១ឈ្មោះ សាត ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី២ ឈ្មោះ មឿន ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី៣ ឈ្មោះ សួស រឿងរ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ទី៤ ឈ្មោះ ឡុង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួលផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ទី៥ ឈ្មោះ លៀវ ធារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី៦ ឈ្មោះ ប៊ុត សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង
-ទី៧ឈ្មោះ រឿន ណារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានដកហូតដាវកែឆ្នៃ១ដើម ម៉ូតូ២គ្រឿង ទី១ម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FV-2898 និង១គ្រឿងទៀត ម៉ាកហុងដា អាយខន ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ 1H-8568 រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចអះអាងថា មុនពេលកើតហេតុ សមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមាន។
លុះមកដល់ផ្លូវវេងស្រេង ភូមិជ្រៃកោង មុខក្លឹប ហ្វាន់ ក៏ប្រទះឃើញជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងខាងលើ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ដេញដើម្បីឲ្យឈប់សួរនាំ តែជនសង្ស័យទាំងនោះ បានព្យាយាមជិះម៉ូតូរហូតមកដល់ចំណុចបន្ទប់ជួលលេខ៣ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ស្រាប់តែជនសង្ស័យទាំង៤នាក់បានផ្តួលម៉ូតូចោលរត់ចូលបន្ទប់ ភ្លាមៗនោះ សមត្ថកិច្ចបានរត់ដេញតាមពីក្រោយ រុញទ្វារបន្ទប់ចូល ក៏ឃើញជនសង្ស័យ៣នាក់ សរុប៧នាក់ បន្ទាប់មកសមត្ថកិច្ចឆែកឆេរបន្ទប់រកឃើញដាវកែឆ្នៃ១ដើម រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកប៉ុស្តិ៍នគរបាលចោមចៅដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាងបញ្ចូនមកសាកសួរបន្ត និងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមច្បាប់៕ សុខាសែនជ័យ