ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកស្ទោង ខេត្តកំពង់ធំ ជនសង្ស័យយករថយន្តទៅប្លុងចោលនៅទីរួមខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីប្លន់សម្លាប់យករថយន្ត ហើយក្រុមជនសង្ស័យបានទម្លាក់សពជនរងគ្រោះចោល នៅស្រុកស្ទោង ខេត្តកំពង់ធំនោះ ពេលនេះរថយន្តរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងទឹកដីខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ថា រថយន្តរបស់ជនរង​គ្រោះដែលជំនាញបានដាក់ការសង្ស័យថា ជាករណីប្លន់សម្លាប់យករថយន្ត ហើយទម្លាក់សពជនរងគ្រោះនៅស្រុកស្ទោងនោះ ពេលនេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ប្រទះឃើញ ដោយជនសង្ស័យយកមកប្លុង ចោល ហើយរត់គេចខ្លួនបាត់។

លោកស្នងការបានបន្ថែមថា ពេលនេះ​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំកំពុងសហការជាមួយកម្លាំងជំនាញ ខេត្តកំពង់ចាម ដើម្បីស្រាវជ្រាវបន្ដទៀត។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នង ការរងខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា រថយន្ដដែលសង្ស័យជា ករណីប្លន់នៅខេត្តកំពង់ធំនោះត្រូវបាន ជនសង្ស័យយកមកប្លុងចោលនៅជិត សាលារៀនមួយកន្លែង ស្ថិតក្នុងសង្កាត់ វាលវង់ ក្រុងកំពង់ចាម។

លោកស្នងការរងរូបនេះបានបន្ថែមថាដើម ឡើយប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឃើញបុរសម្នាក់បើករថយន្ដ ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-1554 ដោយឈប់ដើម្បីចុះ នោមក្រោយមកក៏បាត់ខ្លួនអ្នកបើកបរតែ ម្ដងដោយមិនឃើញឡើងជិះរថយន្ដវិញ សោះ ហើយពេលនេះកម្លាំងជំនាញ កំពុងស្រាវជ្រាវបន្ដទៀត។

សូមជម្រាបជូនថា កម្លាំងសមត្ថកិច្ចស្រុក ស្ទោងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា បាន ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ យ៉ាងអាណោចអាធ័ម នៅជិតស្ពានគោល ខាងកើត ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលហេតុ ការណ៍នេះត្រូវបានសមត្ថកិច្ចដាក់ការ សង្ស័យថាជាអំពើឃាតកម្ម ដើម្បីប្លន់យក រថយន្តរបស់ជនរងគ្រោះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបញ្ជាក់ថា បើតាមអត្តសញ្ញាណប័ណ្ណ និងបណ្ណបើកបរសពបុរសម្នាក់នេះមាន ឈ្មោះ ធឿន ឡាវី កើតនៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ១៩៧៩ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 9B ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់ពីកម្លាំងនគរបាលខេត្តកំពង់ ចាមបានប្រទះឃើញរថយន្ដមួយគ្រឿង ដែលជនសង្ស័យបានយកមកប្លុងចោល ក្រោយបាញ់ប្លន់សម្លាប់ជនរងគ្រោះនៅស្រុកស្ទោងនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាមទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយកម្លាំង ជំនាញឆែករថយន្ដនោះរកឃើញកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ដែលជារបស់ជន សង្ស័យ ហើយសមត្ថកិច្ចសន្និដ្ឋានថា ពិតជា ករណីប្លន់សម្លាប់យករថយន្ដប្រាកដមែន៕ សហការី


ចែករំលែក៖