ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុក សុភា បង្ហាញចំណងស្នេហ៍៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំហើយដែលអតីតតារាសម្តែង ស៊ុក សុភា បានចាកចេញពីការងារសិល្បៈ ហើយក្រោយពេលលោកបានរៀបការជាមួយអាណិកជនមេម៉ាយកូន២។ ខួបគម្រប់៥ឆ្នាំនៃជីវិតប្តីប្រពន្ធ ពួកគេបានបង្ហាញអារម្មណ៍ផ្អែមល្ហែមខ្លាំងជាមួយនឹងសុភមង្គលក្នុងគ្រួសារមួយជាមួយនឹងកូនៗទាំង៥របស់ពួកគេ ។

គេចាំបានថា តារាសម្ដែង លោក ស៊ុក សុភា បានរៀបអាពាហ៍ពិពាហ៍ជាមួយអាណិកជនអូស្ត្រាលី គឺអ្នកនាង សារីណា កាលពីពាក់កណ្ដាលឆ្នាំ ២០១២ កន្លងទៅ ។ អតីតតារាសម្តែងសក់រួញ ស៊ុក សុភា មុនពេលរៀបការប្រពន្ធនេះ ធ្លាប់បានលុបដានស្នេហាបរាជ័យ នាអតីតកាល ជាមួយខៀវ សុខារ៉ាវី ដែលធ្លាប់ខកខានមង្គលការគ្រោងធ្វើកាលពីថ្ងៃទី០១ មករា ២០០៨។ បន្ទាប់មកលេចឮព័ត៌មានថា លោកស៊ុក សុភា មានទំនាក់ទំនងជាមួយអ្នកនាង ម៉េង កែវពេជ្ជតា ប៉ុន្តែត្រូវនាងច្រានចោលព័ត៌មាននេះ ដោយលើកហេតុផលថា លោកស៊ុក សុភា ជាប្អូនធម៌ ។ អ្នកនាងសារីណា ភរិយា លោកស៊ុក សុភាក៏ ធ្លាប់ជាតារាសម្តែង នាងបានសម្តែងខារ៉ាអូខេឱ្យផលិតកម្ម SSB ក្នុងបទ«មនុស្សដំបូង» ដែលច្រៀងដោយអ្នកនាងម៉េង កែវពេជ្ជតា ដែរ ។ បន្ទាប់មកនាងបានថតភាពយន្តឱ្យផលិតកម្មក្រៅស្រុក គឺរឿងវិញ្ញាណក្រហម ។ មុនពេលជួបជាមួយលោក ស៊ុក សុភា នាងធ្លាប់មានស្វាមី និងកូនចំនួន២នាក់រួចទៅហើយ ។ ក្រោយមកនាងបែកបាក់ជាមួយស្វាមី ក៏មកជួបជាមួយលោកស៊ុក សុភា ហើយស្រឡាញ់គ្នាអស់រយៈពេលជាងមួយឆ្នាំ ។

បន្ទាប់ពីចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីតាមភរិយា លោក ស៊ុក សុភាបានបំពេញកាតព្វកិច្ចជាស្វាមីដ៏ល្អ និងបន្ទាប់ពីពួកគេបានបន្ថែមសមាជិកថ្មីរហូតដល់៣នាក់ទៀត។ ជាញឹកញាប់ លោក និងភរិយាបានឆ្លៀតពីការងារចេញមុខរៃអង្គាសប្រាក់ប្រយោជន៍ជួយដល់ការងារសប្បុរសធម៌ នៅកម្ពុជា តាមរយៈមូលនិធិមួយរបស់ពួកគេ។ នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់ភរិយាលោក គឺអ្នកនាង លុយ សារីណាបានសរសេរថា”រីករាយខួបអាពាហ៍ពិពាហ៍គម្រប់៥ឆ្នាំរបស់ពួកយើង។ នាងថា ក្នុងរយៈ ៥ ឆ្នាំកន្លងផុតទៅ យើងបានស្គាល់គ្រប់រស់ជាតិជាមួយគ្នា រស់ជាតិផ្អែម ល្វីង ជូរ ចត់ ប្រៃ ហឹរ មានទាំងមារផ្ចាញ់ មានទាំងអ្នកស្អប់ ច្រណែន គាំទ្រ រិះគន់ មើលងាយសេចក្ដីស្រឡាញ់របស់យើង ហើយក៏មានទាំងអ្នកជូនពរ និង អ្នកច្រណែន តែដោយសារតែការជូនពរ ច្រើនលើសលុបជាងអ្នកដែលច្រណែន ហើយក៏ដោយសារ បង្គោលដ៏រឹងមាំ ដែលអូនបានដាំទទួលបង ទើបពួកយើងមានថ្ងៃនេះបាន ។ នាងក៏អរគុណចំពោការបំពេញតួនាទីជាស្វាមីដ៏ល្អរបស់ស៊ុក សុភា និងបានផ្តល់ភាពកក់ក្តៅសម្រាប់នាង និងកូនៗ ហើយនាងរំពឹងថាចំណងស្នេហ៍នេះនឹងកាន់តែរឹងមាំខ្លាំងឡើងៗ៕ វឌ្ឍនា


ចែករំលែក៖