ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋមានចំនួន២ភូមិ គឺនៅភូមិស្រែគរ និងភូមិក្បាលរមាស មានចំនួនប្រមាណជាង២០០នាក់ បាននាំគ្នាមករារាំងតវ៉ាមិនឲ្យអាជ្ញាធររុះរើស្ពានទន្លេស្រែពកចេញ ដោយសំអាងថា ពួកគាត់សព្វថ្ងៃនេះបាននិងកំពុងធ្វើដំណើរឆ្លងកាត់ប្រស្រ័យទាក់ទងគ្នាក្នុងការបម្រើជីវភាពប្រចាំថ្ងៃចិញ្ចឹមគ្រួសារ ។
សកម្មភាពតវ៉ាក្នុងរឿងរុះរើស្ពានឆ្លងកាត់ទន្លេស្រែពកនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានស្រែពក តាមបណ្តោយផ្លូវលេខ៧៨ចាស់ ស្ថិតនៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
លោក រាំង ថាវ ជាអ្នកតំណាងឲ្យ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ស្ពាននេះជាមធ្យោបាយសម្រាប់ពូកគាត់ធ្វើដំណើរឆ្លងកាត់ចេញពីភូមិស្រែគរ និងភូមិក្បាលរមាសក្នុងការប្រស្រ័យទាក់ទងគ្នាទៅទីរួមខេត្ត នៅពេលឈឺថ្កាត់ អីទៅជិះម៉ូតូធ្វើដំណើរតាមផ្លូវមួយហ្នឹងបាន តែបើថាវាដាច់ស្ពាននេះ ជិះទៅខេត្តកាន់ទីរួមខេត្តលែងកើតហើយ ពិបាកក្នុងការ ធ្វើដំណើរ ដោយមិនទាន់ពេលវេលានោះ ទេ ហើយពលរដ្ឋដែលរស់នៅទីកន្លែងហ្នឹង នៅពេលមានជំងឺឈឺថ្កាត់អីនោះ វាមិនស្លាប់អស់ហើយ អីចឹងហើយបានជា ប្រជាជននាំគ្នាមកតវ៉ាហ្នឹង ធ្វើអីចឹងមិនកើតទេ គឺធ្វើបាបប្រជាពលរដ្ឋ ដែលក្រីក្រហើយ ។
លោកដួង ពៅ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះដោះស្រាយផលប៉ះពាល់មានប្រសាសន៍ថា ការរុះរើរស្ពាននេះ ពិតជាបានកាត់ផ្តាច់ផ្លូវគមនាគមន៍មួយនេះពិតមែន ក៏ប៉ុន្តែតែអ្វីៗគឺវាពាក់ពន្ធ័នឹងផលប៉ះពាល់ ។ រឿងនេះ រាជរដ្ឋាភិបាលបានដោះស្រាយជាសំណងជូនប្រជាពលរដ្ឋរួចហើយ ដោយខាងអាជ្ញាធរថ្នាក់ខេត្ត បានចុះសម្របសម្រួលតាំងពីឆ្នាំ២០១២មកម្ល៉េះ តែបងប្អូនមួយចំនួនមិនបានចូលរួមសហការ ។
លោកអភិបាលរងខេត្ត ដួង ពៅ បានបញ្ជាក់ថា បញ្ហាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើសុំលើកឡើង និងធ្វើសកម្មភាពរារាំងនេះ លោកនឹងផ្តល់ដំណឹងក្នុងរឿងនេះ យកទៅជូនលោកអភិបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយជូនបងប្អូន ។
លោកបន្តទៀតថា ការងាររុះរើស្ពាននេះ អាជ្ញាធរបានជូនដំណឹងកាលពីថ្ងៃទី២៣ ខែមិថុនា រួចមកហើយ ដើម្បីឲ្យបងប្អូនមានកាប្រុងប្រយ័ត្ន ដោយសារស្ពាននេះ មិនត្រូវទុកឲ្យលិចទឹកចោលនោះទេ អាចយកទៅសាងសង់នៅទីកន្លែងផ្សេងទៀតដើម្បីដោះទលភាពលំបាកនៅទីនោះ។ លោកដួងពៅអភិបាលរងបញ្ជាក់ថា អាជ្ញាធរខេត្ត កំពុងរិះរកមធ្យោយដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ នៅចំណុចខាងលើនោះ ដោយមានជំរើសពីរ ទី១ ខេត្តលើកគម្រោងស្នើសុំទៅរាជរដ្ឋាភិបាលធ្វើស្ពានឆ្លងទន្លេស្រែពក នៅក្នុងឃុំតាឡាត និងទី២ រៀបចំឲ្យមានសាឡាងសំរាប់ឆ្លងទៅមកនៅចំណុចណាមួយឱ្យសមស្រប។
សូមបញ្ជាក់ថា ស្ពានស្រែពកចាស់នេះ មានទទឹងប្រវែង៤ម៉ែត្រ និងមានបណ្តោយ៤០០ម៉ែត្រ ហើយឥឡូវនេះ ខាងអាជ្ញាធរខេត្តផ្អាករុះរើស្ពានបណ្តោះអាសន្ន ដើម្បីដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ លុះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ទើបចាប់ផ្តើងរុះរើបន្ត ៕ មាស សុផាត