ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានខូចនៅពាក់កណ្តាលផ្លូវ ហើយមិនបានដាក់សញ្ញាសម្គាល់ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង និងរថយន្តដឹកដីមកពីក្រោយ បានបុកតកន្ទុយគ្នា បណ្តាលឲ្យម្ចាស់រថយន្តដឹកដីគៀបជាប់នៅកាបិនត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខដែលនៅក្បែរជួយគាស់ចេញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅនៅចំណុចជិតរោងចក្រប៊រី តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុថា គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងពណ៍ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 0943 បានខូចតាំងពីព្រឹក ដោយឈប់នៅពាក់កណ្តាលផ្លូវ ហើយពុំមានដាក់ស្លាកសញ្ញាអ្វីដើម្បីសម្គាល់នោះទេ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទរថយន្តកុងតឺន័រ សណ្តោង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A 0676 និងមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 7809 ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែអកហ្សឺជាមួយរថយន្តដែលខូច ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកតកន្ទុយគ្នា៣តង់តែម្តង និងធ្វើឲ្យតែកុងរថយន្តដឹកដីគៀបជាប់នឹងកាប៊ិនចេញលែងរួច។
សាក្សីដដែលបានបន្តថា ភ្លាមនោះម្ចាស់រថយន្តកុងតឺន័រទាំង២គ្រឿងខាងមុខ ក៏បានគេចខ្លួនបាត់ ចំណែកម្ចាស់រថយន្តកុងដឹកដីត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរជួយគាស់យកចេញមកក្រៅវិញដោយរបួសជើងបន្តិចបន្ទួចតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចភ្លាមៗ និងសម្រួលចរាចរណ៍ ហើយរថយន្តទាំង៣គ្រឿងបានសម្រួលគ្នា យករថយន្តទៅជួសជុលរៀងៗខ្លួន ៕ សុខាសែនជ័យ