ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីទែនដឹកសាំងក្រុមហ៊ុន LXR បុកនារីជិះម៉ូតូស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញៈមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតមានឡើងកាលពីវេលា ម៉ោង ១និង ១៥ នាទីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ នៅត្រង់ចំណុចគល់ស្ពានលីយ៉ុងផាត់ តាមបណ្តោយផ្លូវទំនប់កប់ស្រូវភូមិ- សង្កាត់-ខណ្ឌ ព្រែកព្នៅ បណ្តាលឲ្យនារីមា្នក់រងរបួសស្រាល និងម្នាក់ទៀតបាត់បង់ជីវិត ដោយសាររថយន្តស៊ីទែនដឹកសាំងកៀរបណ្តាលឲ្យ ដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្ត ។

ជនរងគ្រោះទី១ ឈ្មោះ ផង់ ស្រីរត័្ន ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ រងរបួសស្រាល និងទី២ឈ្មោះ សន សុគន្ធារី ភេទស្រី អាយុ១៨ឆ្នាំ(ស្លាប់) ជាអ្នកជិះពីក្រោយ។ អ្នកទាំងពីរមានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរ នាក់បានជិះម៉ូតូម៉ាកហុងដា ZoomerX ពាក់ស្លាកលេខភ្នំពេញ 1FK 4641 ឌុបគ្នាដោយធ្វើដំណើរ តាមបណ្តោយផ្លូវកប់ស្រូវពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ស៊ីទែនដឹកសាំងរបស់ក្រុមហ៊ុនLXR ពាក់ស្លាកលេខភ្នំពេញ 3B.0096 ធ្វើដំណើរស្របគ្នា ទៅកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយអ្នកជិះពីក្រោយបានខ្ទាតចូលក្រោមរថយន្តកិនស្លាប់មួយរំពេច ។ ចំណែកអ្នកឌុបរងរបួសស្រាលនិងម៉ូតូមិនខូចខាតប៉ុន្មានទេ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុនេះភ្លាម អ្នកបើករថយន្តបង្ក បាន បើកទៅមុខរហូតដល់សង្កាត់ឃ្មួញខណ្ឌសែនសុខ ទើបឈប់រថយន្តអែបចិញ្ចើមផ្លូវ រួចគេច ខ្លួនបាត់តែម្តង។

ក្រោយពេលមានហេតុការណ៍នេះឡើង ទើបឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោករាជធានីទៅដល់វាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យ របស់ខ្លួនដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ។ ចំណែកសពនារីរងគ្រោះត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ ចាន់ ធឿន


ចែករំលែក៖