ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចម៉ូតូមន្ត្រីសាលាខណ្ឌសែនសុខម្នាក់ដែលចូលលេងល្បែងហ្គេមយីហោបញ្ញាណែត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនគួឲ្យជឿមែនថា មន្ត្រីសាលាខណ្ឌសែនសុខម្នាក់ បានចូលទៅលេងល្បែងសុីសង(ហ្គេមភ្នាល់បាល់) ដែលមានយុីហោ បញ្ញាណែត ហើយត្រូវចោរធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងជិះយកទៅបញ្ចាំបាត់តែដល់រសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ជនរងគ្រោះបានឃើញជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ បានចូលមកលេងហ្គាមនៅក្នុងផ្ទះអ៊ីនធឺណែត២៤ម៉ោង បញ្ញាណែតនោះទៀត ជនរងគ្រោះស្គាល់ ក៏ចាប់វាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ករណីនេះ កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះបើកអុីនធឺណែត២៤ ដែលបង្កប់នៅល្បែងហ្គេមសុីសង(ភ្នាល់បាល់) យីហោ បញ្ញាណែត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះមាន ឈ្មោះ យ៉ាន វុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីសាលាខណ្ឌសែនសុខ ស្នាក់នៅភូមិទ្រុងមាន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យមានឈ្មោះ ធា កុម្ភៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងសាលាTTi ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអន្លង់អក ឃុំកំពង់អុល ស្រុកជំគីរី ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ អុល សុផៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារឈូកមាស ផ្ទះលេខ៨៥ផ្លូវG ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ប្រភពពីជនរងគ្រោះដែលជាមន្រ្តីសាលាខណ្ឌសែនសុខបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមិថុនា រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI.2575 មកកន្លែងអ៊ីនធឺណែត២៤ម៉ោងយីហោបញ្ញាណែត ដើម្បីមកយកមិត្តភក្តិដែលចូលលេងហ្គេមនៅទីនោះ ដោយទុកម៉ូតូនៅខាងមុខផ្ទះបើកល្បែងហ្គេមនោះ ក៍ចូលទៅអង្គុយលេងមួយសន្ទុះ ស្រាប់តែចេញមកវិញបាត់ម៉ូតូតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានជួលម៉ូតូឌុបដើររកនៅកន្លែងបញ្ចាំ ស្រាប់តែប្រទះឃើញបក្ខពួករបស់ជនសង្ស័យចំនួនពីរនាក់កំពុងជិះម៉ូតូរបស់គាត់យកទៅបញ្ចាំនៅក្នុងទឹកដីខណ្ឌដូនពេញ ក៏ឃាត់ខ្លួនឲ្យកងរាជអាវុធហត្ថខណ្ឌដូនពេញបាន២នាក់តែម្តង។

ជនរងគ្រោះបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យបានចូលមកលេងហ្គេមនៅទីនោះទៀត ក៏ចាប់ឃាត់ខ្លួនឲ្យប៉ូលីសប៉ុស្តិ៍ទឹកថ្លាតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ៕ តុង សីហា


ចែករំលែក៖