ភ្នំពេញ៖ គូស្នេហ៍មួយគូ ដែលគេដឹងថា ពួកគេទាំងពីរស្រឡាញ់គ្នាប្តូរផ្តាច់ ដោយបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែមិនបានរៀបការជាង២ខែមកហើយ ប៉ុន្តែដល់ពេលនេះ ស្រាប់តែកើតអំពើហិង្សា ដោយភាគីខាងប្រុសពេលស្រវឹងបានវាយធ្វើបាបប្រពន្ធធ្វើឲ្យប្រពន្ធខឹងជិះរថយន្តតាក់ស៊ីចាកចោលប្តី វិលត្រឡប់ទៅស្រុកកំណើតវិញ។ ខណៈ នោះបុរសជាប្តីបានតាមរកឃើញប្រពន្ធ កំពុងជិះរថយន្តតាក់ស៊ីក៏ហៅឲ្យចុះពីលើ រថយន្តជជែកគ្នារកខុសត្រូវសិនប៉ុន្តែនាងមិនព្រមចុះរឹតតែធ្វើឲ្យប្តីខឹងក៏វាយបំបែក កញ្ចក់រថយន្តតាក់ស៊ី ហើយត្រូវបានម្ចាស់ រថយន្តប្តឹងទារសំណងដល់ទៅ២២០ដុល្លារ ឯណោះ ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ ចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីមានឈ្មោះ អោប វី អាយុ ២២ឆ្នាំ មុខរបររៀនកាត់ដេរ ស្នាក់នៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ រីឯស្រី្តជាប្រពន្ធឈ្មោះ ម៉ៅ ស្រីណា ហៅធារី អាយុ២២ឆ្នាំ មុខរបរកម្ម ការិនីរោងចក្រ ស្នាក់នៅជាមួយគ្នានិងមាន ស្រុកកំណើតនៅភូមិព្រៃសាលា ឃុំទូក មាស ស្រុកបន្ទាយមាស ខេត្តកំពត ។
តាមសម្តីស្រី្តជាប្រពន្ធបានឲ្យដឹងថា រូបនាងបានស្រឡាញ់គ្នាជាមួយបុរសខាងលើបានជាង២ខែមកហើយ និងបានមក រស់នៅជាមួយគ្នាដូចប្តីប្រពន្ធជិត១ខែដោយ មិនទាន់បានរៀបការតាមច្បាប់នៅឡើយ ព្រោះម្តាយនាងមិនពេញចិត្តខាងប្រុស។ ដោយសារម្តាយនាងមិនពេញចិត្តនេះ ហើយទើបរូបនាងបាននាំគូស្នេហ៍មករកការងារធ្វើនៅភ្នំពេញហើយមករស់នៅជាមួយម្តាយខាងប្តីបានជាង១ខែនិងកំពុងតែរកការងារធ្វើព្រោះនាងបានធ្វើការមិនទាន់ពេញសិទ្ធិក្នុងរោងចក្រកាត់ដេរ ឯប្រុស ស្នេហ៍កំពុងតែរៀនកាត់ដេរនៅឡើយ ។
ស្រ្តីជាប្រពន្ធបានបន្តទៀតថា នៅយប់ កើតហេតុប្តីរបស់នាងបានផឹកស៊ីស្រវឹង ហើយប្រើឲ្យនាងកោសខ្យល់ឲ្យទៀតពេល នោះនាងក៏បានកោសខ្យល់ឲ្យរួចក៏បានទៅដេកនៅកន្លែងផ្សេងធ្វើឲ្យប្តីខឹងយក ប្រដាប់កៀបសក់វាយជើងនាងបណ្តាល ឲ្យជាំ។ ដោយខឹងខ្លាំងពេកពេលប្តីដេក លក់នាងបានរៀបចំខោអាវជិះម៉ូតូឌុបទៅ រករថយន្តតាក់ស៊ីជិះនៅរង្វង់មូលចោមចៅដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ។
ចំណែកបុរសជាប្តីបាននិយាយថា ពេលគាត់ដឹងខ្លួនឡើងស្រាប់តែបាត់ប្រពន្ធទើបឲ្យម្តាយជូនដើររកឃើញនាងជិះនៅលើរថយន្តតាក់ស៊ីដែលកំពុងតែឈប់ចាំ ម៉ូយក៏បានហៅឲ្យនាងចុះមកវិញតែនាង មិនព្រមចុះទើបគាត់ខឹងបានរត់ទៅស្ទាក់ឃាត់នៅមុខរថយន្តហើយបានកាច់ផ្លិត កញ្ចក់និងវាយកញ្ចក់រថយន្តតាក់ស៊ីបែក អស់២ផ្ទាំងតែម្តង ។
ក្រោយពេលកើតហេតុម្ចាស់រថយន្ត តាក់ស៊ីបានហៅភាគីទាំងសងខាងទៅ ដោះស្រាយនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីទាមទារសំណងថ្លៃខូចខាតរថយន្ត ហើយពេលនោះដើម្បីកុំឲ្យមានបញ្ហាម្តាយ ខាងប្រុសបានសងប្រាក់ចំនួន២២០ដុល្លារទៅម្ចាស់រថយន្តតាក់ស៊ីដើម្បីបញ្ចប់រឿង។ ចំណែកស្រី្តជាប្រពន្ធនៅតែសុំបែកផ្លូវគ្នា ហើយជិះរថយន្តត្រឡប់ទៅស្រុកកំណើត វិញបាត់ទៅ ៕ ប្រាថ្នា