ខេត្តកំពង់ធំ៖ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយ-នាយរងការិយាល័យ មន្ទីរសន្តិសុខបច្ចេកទេស,មន្ទីរយត្តិធម៍,មេបញ្ជាការក្រុង-ស្រុកទាំង៨ មេបញ្ជាការស្នាក់ការសន្តិសុខទាំង៥ និងនាយអាវុធហត្ថជាច្រើនរូបនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានធ្វើបទបង្ហាញនិងរបាយការណ៍ជូនគណៈអធិបតីអំពីលក្ខណះភូមិសាស្ត្រ,អំពីរចនាសម័្ពន្ធការងារសេនាធិការដ្ឋាន,មន្ទីរបច្ចេកទេសសន្តិសុខ,មន្ទីរយុត្តិធម៍,និងយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារព័ត៍មានសន្តិសុខ និងបង្ក្រាបបទល្មើស។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំក៏បានលើកឡើងអំពីសភាពការសន្តិសុខនយោបាយ,លទ្ធផលបង្ក្រាបបទល្មើស និងការបំផ្លិចបំផ្លាញធនធានធម្មជាតិបានចំនួន៣៩លើក,ការរុករានដីព្រៃមាន(អញ្ញាតិ្តជន៩នាក់),ជួញដូរសត្វព្រៃ១លើក,បទល្មើសនេសាទ៤៤លើកទទួលជោគជ័យដោយស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំង។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការណែនាំអំពីយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារព័ត៍មានសន្តិសុខ បន្ទាប់ពីមានការកែសម្រួលការងារខ្លះនៅឆ្នាំ២០១៧នេះ សំដៅលើការងារសន្តិសុខជាតិ សន្តិសុខសង្គម សន្តិសុខសាធារណៈ និងការជំនាញ ដោយកញ្ចប់ការងារត្រូវអនុវត្តតាមតួនាទីភារកិច្ចថ្នាក់ខេត្តជាមួយខ្សែបណ្តោយថ្នាក់លើ ពិសេសពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើសបានមានប្រសាសន៍វាយតំលៃខ្ពស់លើការងារដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំទទួលបានលទ្ធផលការងារជោគជ័យលើយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារព័ត៍មានសន្តិសុខ និងបង្ក្រាបបទល្មើស ពិសេសស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបង្ហាញពីមុខសញ្ញាបទល្មើស ការដឹកជញ្ជូន ប្រមូលទិញ សន្និធិបានមកពីការប្រមូលទិញឈើខុសច្បាប់ និងការរុករានដីព្រៃជាដើម។ ទន្ទឹមនិងការងារនេះប្រមូលទិន្ន័យបានជោគជ័យ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការរង ក៏បានជម្រុញអោយតាមដានពីសភាពការណ៍បញ្ហាសន្តិសុខជាតិ សន្តិសុខសង្គម សន្តិសុខសាធារណៈ តាមដានរាល់ការបំប៉ោងព័ត៍មានមិនពិតធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ ថ្នាក់ដឹកនាំ ដោយការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាបំផ្លឹស បំប៉ោង បំភ្លៃ កន្លងមក។ ដើម្បីស្វែងរកការពិតបង្ហាញពីភាពស្មោះត្រង់របស់ថ្នាក់លើអោយប្រជាពលរដ្ឋបានដឹងចៀសវាងពួកគាត់យល់ច្រឡំ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល ក៏បានណែនាំពីយន្តការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំត្រូវសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឈជើងតំបន់ព្រៃឡង់ បង្រ្កាបទាំងការដឹកជញ្ជូន កាប់បំផ្លាញ សន្និធិខុសច្បាប់ ប្រមូលទិញខុសច្បាប់ ទប់ស្កាត់អោយខានតែបាន ៕ សុខ ខេមរា