ខេត្តឧត្តរមានជ័យ:លោកឧត្ដមសេនីយ៍ត្រីម្នាក់ឈ្មោះដួង ស៊ីណា កំពុងត្រូវបានកងកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដាក់ការស្រាវជ្រាវរកប្រវត្តិរូបដើម្បីដាក់ជូនតុលាការចាត់ការតាមច្បាប់ ក្រោយពីអង្គភាពអវុធហត្ថស្រុកបានទទួលពាក្យបណ្ដឹងជនរងចំនួន៣រូប ក្នុងនោះមានមេភូមិ អនុភូមិ និងប្រជាពលរដ្ឋម្នាក់ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះដួង ស៊ីណា ពីករណីបង្កហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន។
លោកវរះសេនីយ៍ទោ ងួន ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានបញ្ជាក់នៅល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ថា លោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ ទី១ ឈ្មោះមុត មន ជាមេភូមិថ្នល់កែង ទី២ ឈ្មោះ ឡុង ប៊ុនថេង ជាអនុភូមិអូតាមែងទី ៣ ជាប្រជាពលរដ្ឋនៅភូមិថ្នល់ថ្មីបានប្ដឹងពី ឈ្មោះដួង ស៊ីណា ដែលជាឧត្ដមសេនីយ៍ត្រីដែលបានវាយដំមកលើពួកគាត់ និងប៉ុនប៉ងបាញ់សម្លាប់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងតំបន់ក្រុមហ៊ុនទំរីង និងដាតារ៉ាប់ប៊ើក្នុងភូមិអូតាមែងឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
បើតាមការឲ្យដឹងពីជនរងគ្រោះទាំងបីនាក់ខាងលើ ពួកគាត់បានដាក់ពាក្យបណ្ដឹងលោកផ្កាយមួយឈ្មោះដួង ស៊ីណា ដោយសាតែលោកផ្កាយមួយរូបនេះ បាននាំទាហានសឹករងខេត្តឧត្តរមានជ័យមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ មកវាយពួកគាត់ដោយគ្មានមូលហេតុ ដែលពួកគាត់ទៅមើលចំការស្វាយចន្ទីរបស់ពួកគាត់នៅក្នុងតំបន់ក្រុមហ៊ុនខាងលើ។
ពួកគាត់បានបញ្ជាក់បន្ដថា លោកផ្កាយមួយឈ្មោះ ដួង ស៊ីណា វាយដំមកលើរូបរាងកាយ និងប៉ុនប៉ងសម្លាប់មកលើពួកគាត់គឺដោយសាតែបំណងចង់កាង និងការពារដីឲ្យក្រុមហ៊ុន។
ជនរងគ្រោះជាមេភូមិ អនុភូមិ និងពលរដ្ឋសបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចចង់ឲ្យជួយរកយុត្តិធម៌ជូនដល់ពួកគាត់ ដែលជាជនរងគ្រោះ និងសូមឲ្យសមត្ថកិច្ចស្វែងរកមុខជនបង្កចាត់ការទៅតាមផ្លូវច្បាប់៕ ប៉ែន នួន