ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យ២នាក់ទៀតពាក់ព័ន្ឋជួញដូរថ្នាំញៀន៨កញ្ចប់តាមចម្លើយនិងការចង្អុលបង្ហាញពីគូកនម្នាក់

ចែករំលែក៖

ភ្នំពេញ÷ បុរសចំនួន២នាក់បន្ថែមទៀតត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ តាមចាប់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ទឹកថ្លា ពីបទជាប់ពាក់ព័ន្ឋជួញដូរនិងប្រើប្រាស់ថ្នាំញៀន តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់បក្ខពួករបស់គេម្នាក់ ដែលត្រូវបានចាប់ខ្លួនមុននេះ៣ថ្ងៃ ភ្ជាប់ជាមួយថ្នាំញៀនចំនួន៨កញ្ចប់។

ក្រុមជនជាប់ចោទដែលត្រូវបានចាប់ខ្លួនបន្ថែម២នាក់ទៀតនេះ ទី១ឈ្មោះ លី ស៊ីដេត ហៅដេត ឬស៊ីដេត អាយុ២៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះលេខ១១ ក្រុម៣ភូមិផ្សារទឹកថ្លារ សង្កាត់ទឹកថ្លា (ចោទពីបទជួញដូរ) ទី២ ឈ្មោះ ថេង យ៉ត ហៅ ប៉ោង អាយុ២៩ឆ្នាំ គ្មានមុខរបរ មានទីលំនៅផ្ទះលេខ១៥៨ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចោទពីបទប្រើប្រាស់) ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានអោយដឹងថា÷ ការឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់បន្ថែមទៀតនៅពេលនេះគឺ ធ្វើឡើងតាមការសាកសួចម្លើយរបស់ជនជាប់ចោទជាបុរសម្នាក់ឈ្មោះមាស វិសាល ដែលសមត្ថកិច្ចបានចាប់ខ្លួនគាត់កាលពីម៉ោង១០ ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទឹកថ្លា ជាប់ពីបទជួញដូរថ្នាំញៀនចំនួន៨កញ្ចប់ ដែលសមត្ថកិច្ចបានរកឃើញនៅក្នុងហោប៉ៅខោរបស់គេ។

ប៉ូលិសបានបញ្ជាក់ថា ក្រោយនាំយកជននេះមកសាកសួររកប្រភពថ្នាំញៀននេះបានមកពីណា? ជនឈ្មោះមាស វិសាល បានលើយសារភាពថា បានទិញពីឈ្មោះលី ស៊ីដេត ហើយបានត្រូវសមត្ថកិច្ចនាំមកអោយចង្អុលបង្ហាញផ្ទះស្នាក់នៅរបស់ឈ្មោះ លី ស៊ីដេត នេះដោយជាប់ទាំងឈ្មោះ ថេង យ៉ត ហៅប៉ោង ដែលកំពុងនៅទីនោះដែរ សេពថ្នាំញៀន យកមកសួរនាំនិងបញ្ជូនពួកគេទៅតុលាការ៕ តុង សីហា


ចែករំលែក៖