ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បាននិងកំពុងដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងដាក់ចេញនូវទិសដៅឆមាសទី២ ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុងភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះសមាសភាពដែលអញ្ជើញចូលរួមមាន៖ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ព្រមទាំងលោក លោកស្រី ដែលជានាយទាហាននៃកងរាជអាវុធហត្ថបានអញ្ជើញចូលរួម ជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនអង្គប្រជុំថា នៅក្នុង ឆមាសទី១ ឆ្នាំ២០១៧កន្លងទៅនេះ សភាពការណ៍ពិភពលោកមានការប្រែប្រួលបត់បែន និងពោរពេញទៅដោយភាព ចម្រូងចម្រាស ស្មុគស្មាញជាច្រើន ដូចជា បញ្ហាសង្គ្រាមប្រឆាំងភេរវកម្ម បញ្ហាជម្លោះអធិបតេយ្យបញ្ហាវិបត្តិអាវុធនុយក្លេអ៊ែរ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយដោយធម្មជាតិ ព្រមទាំងជំងឺឆ្លងរាតត្បាតផ្សេងៗ បាននិងកំពុងគំរាមកំហែងទូទាំងសកលលោក។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «ទន្ទឹមគ្នានេះ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងការជួញដូរអាវុធខុសច្បាប់ នៅតែបន្តកើតឡើង ហើយជះឥទ្ធិផលមកដល់តំបន់ និងប្រទេសកម្ពុជាយើង។ ចំណែកឯសភាពការណ៍ ក្នុងប្រទេសវិញ ព្រឹត្តិការណ៍សំខាន់ៗដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសឹង្ហបុរី មីយ៉ាន់ម៉ា ឡាវ នាយករដ្ឋមន្ត្រីវៀតណាម លេខាធិការក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្សី និងឥស្សរជនជាន់ខ្ពស់បរទេសជាមិត្តអញ្ជើញ មកប្រទេសកម្ពុជា ព្រមទាំងពិធីបុណ្យជាតិ អន្តរជាតិនានា។ រីឯ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមមានបទល្មើសកើតឡើង ក្នុងនោះមានបទឧក្រិដ្ឋ បទមជ្ឈិម បណ្តាលឱ្យមនុស្សស្លាប់ រងរបួស និងសម្ភារៈបាត់បង់មួយចំនួន។ មានការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម កូដកម្ម ទាមទារតវ៉ាផ្សេងៗ»។
បើតាមលោក វង្ស ពិសេន កងរាជអាវុធហត្ថបានធ្វើសកម្មភាពការពារគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានា របស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗសរុបចំនួន៥៣.៨៦៩លើក។ ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយចរាចរណ៍ កកស្ទះជូនប្រជាពលរដ្ឋ និងការដង្ហែក្បួនទាមទារតវ៉ាផ្សេង សរុបចំនួន៦.៨៦២លើក។ បានធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ព នៅតាមទីសាធារណៈលទ្ធផល ត្រួតពិនិត្យអាវុធឆ្លងកាត់ កែសម្រួលឯកសណ្ឋានយោធា ដកហូតខោអាវ មួកមួយចំនួន។
លោកថា កងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសបានចំនួន១.៣៦៦លើក ក្នុងនោះមានអំពើប្លន់ប្រដាប់អាវុធ ឃាតកម្ម រំលោភសេពសន្ថវៈ ជួញដូរមនុស្ស សញ្ចារកម្ម បង្ខាំងមនុស្សដោយខុសច្បាប់ លួច ឆបោក ធ្វើឱ្យខូចខាតដោយចេតនា ហិង្សាដោយ ចេតនា ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត រំលោភលើទំនុកចិត្ត ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ដំណាំកញ្ជា ប្រទូសកេរ្តិ៍ខ្មាស់ ក្មេងទំនើង ទទួលផលចោរកម្ម ហិង្សាសហព័ទ្ធ ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ បទល្មើសជលផល បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសចំនួន២.៣៥២នាក់ និងចាប់យកវត្ថុតាងមួយចំនួនកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានី ខេត្តតាមនីតិវិធី។
ជាមួយគ្នានោះដែរ បានសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជាចំនួន៦.៥៣១លើកមាន៖ ជាមួយនគរបាលជាតិ ស្ថាប័នពន្ធដារ គយនិងរដ្ឋាការ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ អភិរក្សដែនជីវៈចម្រុះ ក្រសួងរ៉ែថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល កាំកុងត្រូល និងក្រុមចម្រុះ។ ចំពោះការសហការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២៧ សសរ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន១៩៦នាក់ និងចាប់យកវត្ថុតាងរួមមាន រថយន្ត១១៣គ្រឿង គោយន្តកន្ត្រៃ២៣គ្រឿង ត្រាក់ទ័រ០៤គ្រឿង រណារយន្ត២៩គ្រឿងទោចក្រយានយន្ត ២១គ្រឿង ម៉ាស៊ីនជ្រៀកឈើ០៣គ្រឿង ឈើគ្រញូង២០.៧៤០គីឡូក្រាម ឈើប្រភេទលេខ១,២ ចំនួន១.១៦២,៩៩២ម៉ែត្រត្រីគុណ និង១.៥០១ដុំ៕ ហេង សូរិយា