ខេត្តស្វាយរៀង៖ លោកស្រី ប្រាក់ ថាវះភារី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាលអំពីការអនុវត្តអនុសញ្ញាស្ដីពីជនពិការដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំវៃគោរ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកស្រី ពៅ សុភាព អភិបាលរងខេត្ត លោកតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកមេបញ្ជាការងស្នងការរង មេបញ្ជាការរងសឹករងខេត្ត និងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
លោកស្រីពៅ សុភាព អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា វគ្គបណ្ដុះបណ្ដាលអំពីការអនុវត្តអនុសញ្ញា ស្ដីពីជនពិការនេះ គឺជាការឡានុវត្តថ្មីមួយទៀត សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង ក្នុងការពង្រីកនូវចំណេះដឹង ដើម្បីឲ្យក្លាយទៅជាអនុវត្តប្រកបដោយវិជ្ជាជីវៈមានលទ្ធភាពបណ្ដុះបណ្ដាលផ្សព្វផ្សាយចែករំលែកបទពិសោធន៏បន្ត និងជំរុញអំពីការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការដល់សហគមន៏ ក៏ដូចជាស្ថាប័នដែលពាក់ពន្ធ័ក្នុងទិសដៅចម្បងគឺបម្រើផលប្រយោជន៏បងប្អូនជនពិការ។
លោកស្រីបន្តថា ចំពោះខេត្តស្វាយរៀងមានជនពិការសរុបចំនួន៥.២០៨នាក់ ក្នុងនោះ ជនពិការក្នុងក្របខណ្ឌ័មានចំនួន៤.៥២៣នាក់ ស្រី៩៤៦នាក់។
ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដែលមានសារះសំខាន់នេះនៅខេត្តស្វាយរៀងផងដែរ។
លោកស្រី ប្រាក់ ថាវះភារី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៏ថា កម្មពិធីបណ្ដុះបណ្ដាលនេះ គឺមានរយះពេលមួយថ្ងៃកន្លះ ចែកចេញជា៧មេរៀន ដោយមានបទឧទ្ទេសនាមរបស់វាគ្មិន។
លោកស្រីបន្តថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីជំរុញ និងលើកកំពស់ការយល់ដឹងអំពីអនុសញ្ញាស្ដីពីសិទ្ធិជនពិការដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ក្រោមជាតិងាយស្រួលក្នុងការរៀបចំរបាយការណ៏ស្ដីពីការអនុវត្តអនុសញ្ញានេះទៅអង្គការសហប្រជាជាតិ បានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
ជាក់ស្ដែងក្នុងឆ្នាំ២០១៦ ក្រោយពីស្រង់ស្ថិតិជនពិការ ដែលបានចូលបម្រើរការងារក្នុងវិស័យឯកជនចំនួន១៩ ឃើញថា មានជនពិការចំនួន២.១២៤នាក់ ដែលកំពុងបម្រើរការងារបើគិតជាភាគរយគឺស្មើរ៥.៥៣ភាគរយ។
ដោយសរុបជារួមជនពិការដែលកំពុងបម្រើរការងារទាំងក្នុងស្រុង ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនមានចំនួនសរុប៤.៧០០នាក់ គិតជាភាគរយគឺស្មើរ៧.២៥ភាគរយផងដែរ។
លោកស្រីបន្តថា តាមរយះសិក្ខាសាលានេះ មន្ទីរស្ថាប័នដែលពាក់ពន្ធ័ នឹងទទួលបាននូវចំណេះដឹងបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការបំពេញនូវកាតព្វកិច្ចបម្រើឲ្យបុព្វហេតុវិស័យពិការភាពនៅខេត្តស្វាយរៀងយើងនេះ ៕ យឹម សុថាន