ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនទៅបុកនឹងបង្គោលភ្លើងពេញទំហឹងខូចខាតផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គាលភ្លើងមួយដើម ពេញទំហឹង បណ្តាលឲ្យ​បង្គាលភ្លើង ស្ទើរតែបាក់​ចុះក្រោម ចំណែកអ្នក​បើកបរព្យាយាមបើកគេចខ្លួន បានប្រហែលជា២០០ម៉ែត្រ ក៏ទៅមុខលែងរួច ដោយសារតែរថយន្តបានរងការខូចខាតខ្ទេចខ្ទី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នៅលើផ្លូវ៥៩៨ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង​ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S- 0261 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គាលភ្លើងមួយដើម យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បង្គាលភ្លើង ស្ទើរតែបាក់ចុះក្រោម តែសំណាងល្អមិនបង្កឲ្យ​មាននរណាម្នាក់រងរបួសនោះឡើយ ខណ: ដែលរថយន្តកាមរីឆ្លាម បើកទៅបុកបង្គាលភ្លើងហើយ បានព្យាយាមបើករថយន្តរត់គេចខ្លួន បានប្រហែលជា២០០ម៉ែត្រ ក៏ទៅមុខលែងរួច ដោយសារតែរថយន្តបានខ្ទេចខ្ទីផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកបើកបររថយន្ត ដើម្បីធ្វើការដោះស្រាយគ្នា៕ តុង សីហា


ចែករំលែក៖