ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងម្នាក់ ក្នុងចំណោម៦នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប ដែលប្រើកាំបិតសាំម៉ូរ៉ៃដេញកាប់គ្នាកណ្តាលក្រុងប៉ៃលិន

ចែករំលែក៖

 

ខេត្តប៉ៃលិន៖ ក្មេងទំនើងម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានក្របួចបាន ខណៈបម្រុង ស្ទាក់វាយគ្នាជាមួយដៃគូទំនាស់ ដោយប្រើប្រាស់ដាវសាំម៉ូរ៉ៃ ក្នុងការប្រយុទ្ធ ។

ហេតុការណ៍ចុះបង្រ្កាបក្មេងទំនើងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២១ និង៤៥នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្បែរព្រះវិហារយេស៊ូមួយកន្លែង ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្មេងទំនើងជាជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ធឿត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស មានស្រុកកំណើតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ បច្ចុប្បន្នស្នាក់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរិបអួសដាវសាំម៉ូរ៉ៃចំនួន៤ដើម និងម៉ូតូឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាក់លេខមួយគ្រឿងផងដែរ ។

លោក សឿ ឡង់ឌី នាយប៉ុស្តិ៍ស្តីទី រដ្ឋបាលសង្កាត់ទូលល្វា បានឲ្យដឹងថា៖ មុនការឃាត់ខ្លួនក្មេងទំនើងខាងលើ គឺដោយមានការរាយការណ៍ពីមន្ត្រីប៉ុស្តិ៍សង្កាត់ប៉ៃលិនថា មានក្មេងទំនើងវាយគ្នាផ្លូវចំហៀងខាងស្តាំសាលាខេត្ត តែបើកម៉ូតូរត់គេច ដោយធ្វើដំណើរចូលក្នុងទឹកដីសង្កាត់ទូលល្វា ពេលនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៏បានជិះម៉ូតូចុះល្បាត ក៏ប្រទះឃើញជនសង្ស័យ៥ទៅ៦នាក់កំពុងផ្តុំគ្នា ក៏ចូលទៅមើល ស្រាប់តែពួកគេទាំងនោះ បានបើកម៉ូតូរត់គេចខ្លួនតែម្តង ប៉ុន្តែសមត្ថកិច្ចបានឃាត់ក្មេងទំនើងម្នាក់ឈ្មោះ ធឿត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រួមនឹងវត្ថុតាងដាវសាំម៉ូរ៉ៃ៦ដើម និងម៉ូតូមួយគ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញនគរបាលប៉ុស្តិ៍ទូលល្វា រៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖