ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវចោរឆក់យកកាបូបស្ពាយបានសម្រេចទាំងព្រឹក ខណៈកំពុងជិះម៉ូតូតាមផ្លូវ គោលបំណងទៅបើកថ្នាំពេទ្យ យកមកលេបនៅមន្ទីរពេទ្យរុស្ស៊ី លុះមកដល់ចំណុចមុខមន្ទីរពេទ្រ ព្រះកុសមៈ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ីគីនិច បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ បានសម្រេច ភ្លាមនោះស្រ្តីរងគ្រោះជិះដេញតាមពីក្រោយ តែមិនទាន់ចោរ បែរជាជ្រុលទៅបុកម៉ូតូអ្នកដំណើរពីក្រោយបណ្ដាលដួលបោកក្បាលហូរឈាម និងមានការបាត់ការចងចាំបន្តិចបន្តួច។
ករណីឆក់កាបូបនេះ បង្កការភ្ងាក់ផ្អើលកាលពីម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះ យឿន ស៊ីវូន (ហៅនី) អាយុ៤៤ឆ្នាំ ស្នាក់នៅម្ដុំកាំកូស៊ីធី ហើយគោលបំណងទៅបើថ្នាំនៅពេទ្ររុរុស្ស៊ី។
ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជិះម៉ូតូ១គ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O.5520 ចេញពីផ្ទះទៅបើកថ្នាំរហូតមកដល់ផ្លូវ២៧១មានជនសង្ស័យម្នាក់ឆក់កាបូបស្ពាយរបស់គាត់ ភ្លាមៗនោះគាត់ជិះម៉ូតូដេញតាមចោរ ដល់ផ្លូវ១៨២កែងផ្លូវ២៧១ជ្រុលម៉ូតូទៅបុកម៉ូតូមួយគ្រឿងនៅពីមុខដួលបោកក្បាលហូរឈាមសន្លប់មួយសន្ទុះ។
ក្រោយមកប្រហែល១ម៉ោង ក្រុមគ្រួសាររងគ្រោះមកទទួលយកទៅមន្ទីរដើម្បីព្យាបាល។ មិនដឹងថាក្នុងកាបូបស្ពាយ ដែលចោរឆក់បាននោះ មានសម្ភារអ្វីខ្លះនោះទេ ព្រោះជនរងគ្រោះរវើរវាយនិយាយមិនដឹងខុសត្រូវ ៕ តុង សីហា