ខេត្តរតនគិរី:អាជ្ញាធរខេត្ដរតនគិរី បានសម្រេចសាងសង់រង្វង់មូលដ៏ធំមួយ តាមផ្លូវជាតិលេខ៧៨ ចំណុចផ្លូវប្រសព្វស្រុកបរកែវ,អណ្ដូងមាស និងក្រុងបានលុងដើម្បីកែលម្អសោភណ្ឌភាព និងការពារគ្រោះថ្នាក់ចរាចរណ៍។ រង្វង់មូលនោះ មានទីតាំងនៅក្បែរភ្នំដាង ក្នុងឃុំឡាមិញ ស្រុកបរកែវ។
លោកវ៉ា សាវុន ប្រធានការិយាល័យនៃមន្ទីរសាធារណការខេត្ដរតនគិរីបានឲ្យដឹងតាមទួរស័ព្ទកាលពីថ្ងៃទី៧ ខែកក្កដាថា រង្វង់មូលដែលធ្វើនៅចំណុចទីតាំងខាងលើ គឺបានចាប់ផ្ដើមសាងសង់កាលពីចុងខែឧសភា ឆ្នាំ២០១៧ ដោយមានកាឯកភាពរួចហើយជាមួយអាជ្ញាធរស្រុក និងខេត្ដ។
លោកប្រធានការិយាល័យបានបន្ដឲ្យដឹងទៀតថា យោងទៅលើគំរោងសាងសង់រង្វង់មូលនោះ គឺមិនបានដឹងថា ត្រូវចំណាយអស់ថវិកាចំនួនប៉ុន្មាននៅឡើយទេ។ ព្រោះលោកប្រធានមន្ទីរសាធារណការ ជាអ្នកចាត់ចែង ក៏ប៉ុន្ដែគំរោងនោះ ឮប្រធានមន្ទីរបានច្នៃចេញពីកញ្ជប់ថវិកា ដែលមាននៅក្នុងគំរោងថែទាំផ្លូវជាតិលេខ៧៨។
ប្រធានការិយាល័យបានបញ្ជាក់ទៀតថា រង្វង់មូលនោះមានទំហំដល់ទៅជាងប្រាំបីម៉ែត្រ និងមានកំពស់មួយម៉ែត្រ សង់ជារង្វង់ពីរជាន់ នៅខាងក្រោមមានក្រាលឥតការ៉ូ ហើយនៅផ្នែកខាងលើ មានឆ្លាក់ជារូបត្បូងបង្ហាញរាង្គ នៅផ្ទៃដីជាងប្រាំបួនរយម៉ែត្រការ៉េ គឺនៅចំកណ្ដាលផ្លូវបំបែកទៅស្រុកអណ្ដូងមាស ស្រុកបរកែវ និងក្រុងបានលុង។ គំរោងនោះ គេនឹងសង់ឲ្យរួចរាល់នៅបំណាច់ឆ្នាំ២០១៧ ។
លោកហាក់ ប៊ុន្នី អភិបាលស្រុកបរកែវបានបញ្ជាក់ប្រាប់ថា ការកសាងរង្វង់មូលនោះឡើង គឺទទួលបានកាស្វាគមន៍ពីប្រជាពលរដ្ឋជាច្រើន ដែលរស់នៅទីនោះ ព្រោះថា បានរួមចំណែកបង្កើតការប្រុងប្រយ័ត្នដល់អ្នកបើកបរគ្រប់ប្រភេទ កុំឲ្យបន្ដបើកក្នុងលឿន និងជួយការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោកអភិបាលស្រុកបានបន្ដទៀតថា រង្វង់មូលនោះនៅបានជួយផ្ដល់នូវសោភ័ណ្ឌភាពដ៏ស្រស់ស្អាត ហើយទាក់ទាញដល់អ្នកធ្វើដំណើរពីទីជិត និងទីឆ្ងាយ ម្យ៉ាងទៀតវាសមស្របទៅតាមខេត្ដនេះ ដែលបាននិងកំពុងរីកចម្រើនទៅមុខលើគ្រប់វិស័យ។
លោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដរតនគិរី មិនអាចសុំការពន្យល់ជុំវិញការចំណាយថវិកាទៅលើគំរោងសាងសង់រង្វង់មូល ដែលមានទីតាំងដូចខាងលើនោះបានទេ ដោយសាទូរស័ព្ទរបស់លោករោទិ៍ជាច្រើនដងហើយពុំមានអ្នកទទួល ៕ សាយ ប៉ូច