ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនប្រណីដៃជ្រុលទៅបុករថយន្តមួយគ្រឿងទៀតត្រង់ចំណុចផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង រវាងរថយន្ត RAV4 បើកប៉ះជាមួយរថយន្តម៉ាស្ដាបណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមនុស្សរងរបួសឡើយ ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៤៣ កែងនិងផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 I -3636 ដែលបើកបរដោយបុរសម្នាក់ រួមជាមួយបុរស៣នាក់ទៀតក្នុងរថយន្តជាមួយគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មម ខណៈបើកមកដល់ចំណុចផ្លូវកែង៣៥០ ស្រាប់តែមានរថយន្ត RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6092 ដែលបើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយ ហើយបានបើករថយន្តតាមបណ្ដោយផ្លូវ៣៥០ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយមកដល់ផ្លូវបំបែកជាបួន មិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តម៉ាស្ដាចំពីចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តRAV4 រងការខូចខាតខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តរងគ្រោះ ម៉ាស្ដា រងការខូចខាតពីចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង មិនបានដោះស្រាយគ្នានោះទេ គឺទុករថយន្តទាំង២គ្រឿងឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំភាគីទាំង២ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖