ព័ត៌មានទាន់ហេតុការណ៍៖

ចន ច័ន្ទលក្ខិណា ជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមមិត្តសិល្បៈជួយសង្គម បានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីជាមួយនឹងលោក កុយ ស៊ីឌឿន ប្រធានក្លឹបសិល្បៈ ឌីភី និងលោក អៀង ស៊ីធុល សិល្បករជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរកាលពីអាណត្តិទី១ ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា នៅភោជនីយដ្ឋានស្ទឹងមាស នៅផ្លូវជាតិលេខ៦Aព្រែកលាភ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សមាគមន៍សិល្បករខ្មែរនឹងបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងអាណត្តិទី៥របស់ខ្លួន ដែលអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតមានចំនួនបីរូប ដែលក្នុងនោះ អាចកាន់តំណែងបន្ទាប់ពីលោកសុះ ម៉ាចគឺអ្នកនាងចន ច័ន្ទលក្ខិណា បន្ទាប់ពីនាងទទួលបានសំឡេងបោះឆ្នោតច្រើនលើសលប់។

អ្នកនាង ចន ច័ន្ទលក្ខិណា បានកា្លយជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៥នេះ គ្រាដែលប្រធានសមាគមគឺលោកសុះ ម៉ាច បានកាន់ការងារជាប្រធានអស់រយៈពេល៦ឆ្នាំ ស្មើនឹង២អាណត្តិរួចមក។ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងអាចច្របាច់បញ្ចូលសមាជិកសមាគមនាងជាមួយនឹងសមាគមសិល្បករខ្មែរហើយសិល្បករជាច្រើន ក៏មានក្តីរំពឹងដែរថា តារាស្រីរូបនេះអាចធ្វើឲ្យដំណើរការសមាគមឲ្យមានសកម្មភាពកាន់តែខ្លាំងជាងមុន។

គួរបញ្ជាក់ដែរថា អ្នកនាងចន ច័ន្ទលក្ខិណា ដែលក្លាយទៅជាប្រធានសមាគមមិត្តសិល្បៈស្មគ្រ័ចិត្ត ជួយសង្គមក្រោមការជ្រោមជ្រែងពីគូស្នេហ៍ថ្មី លោកហេង ឡុង ហៅរ័ត្ននោះ ក៏បានធ្វើកម្មវិធី“កតញ្ញូរាត្រី”ជាលើកដំបូង នៅសណ្ឋាគារសុខាភ្នំពេញ កាលពីដើម ខែមេសា ឆ្នាំ២០១៧។មានសប្បុរសជនមន្ត្រីធំៗឧកញ៉ាៗផ្តល់ការឧបត្ថម្ភទឹកប្រាក់សរុបដល់ទៅជាង២៧ម៉ឺនដុល្លារអាមេរិក ក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារអាមេរិកជារៀងរាល់ឆ្នាំ លោកឧកញ៉ាហុង ពីវ ឧបត្ថម្ភ៥ម៉ឺនដុល្លារសម្រាប់៥ឆ្នាំ និងឧកញ៉ាៗមួយចំនួនទៀត៕ វឌ្ឍនា


ចែករំលែក៖