ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសហការ ជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះទៅឃាត់ខ្លួនបុរសម្នាក់ក្រោយពី ម្តាយក្មេកប្តឹងថា បានបាញ់គំរាមគាត់និង គំរាមសម្លាប់ប្រពន្ធកូន ។
ករណីឃាត់ខ្លួនកូនប្រសាចិត្តភ្លើងនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីព្រឹកថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិតាកេរ្តិ៍ ឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង របស់ម្តាយក្មេកកាលពីថៃ្ងទី២ ខែកក្កដា ឆ្នាំ២០១៧ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តបានឲ្យដឹងថា កូនប្រសាដែលបាញ់ គំរាមម្តាយក្មេកឈ្មោះ សោម សច្ចា ហៅចា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំ វល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមស្រ្តីឈ្មោះ លាង សុខឃឿន អាយុ៥៥ឆ្នាំ ជាម្តាយក្មេកជនសង្ស័យ រស់ នៅភូមិកើតហេតុបានឲ្យដឹងថា ជនសង្ស័យ បានមកបាញ់គំរាមគាត់១គ្រាប់ដល់ផ្ទះ ខណៈជនសង្ស័យជាកូនប្រសាសួររកប្រពន្ធ ហើយគាត់(ម្តាយក្មេក)ឆ្លើយថា អត់ដឹង ។
បើតាមមន្រ្តីនគរបាលឲ្យដឹងដែរថា មុន ពេលកើតហេតុជនសង្ស័យបានឈ្លោះ ប្រកែកជាមួយប្រពន្ធ ហើយបានគំរាម សម្លាប់ប្រពន្ធនិងកូន។ ពេលនោះប្រពន្ធ បាននាំកូនរត់ចេញពីផ្ទះហើយទំនងជាជនសង្ស័យគិតថាប្រពន្ធរបស់ខ្លួនរត់មកផ្ទះ ម្តាយក្មេកទើបជនសង្ស័យបានមកតាម និង គិតថា ម្តាយក្មេកលាក់ប្រពន្ធនិងកូនក៏បាញ់ គំរាមម្តាយក្មេក១គ្រាប់តែម្តង។ ករណីកូន ប្រសាបាញ់គំរាមម្តាយក្មេកនេះបានកើតឡើងនៅថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក។ លុះដល់ ថៃ្ងទី២ ខែកក្កដា ឆ្នាំ២០១៧ ម្តាយក្មេកក៏ ទៅដាក់ពាក្យបណ្តឹងទើបសមត្ថកិច្ចឈានដល់ការចាប់ខ្លួនជនសង្ស័យជាកូនប្រសាខាងលើនេះនៅភូមិរលាំងសង្កែ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្រ្តីដដែលបានបញ្ជាក់ថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានឆែកឆេរផ្ទះជនសង្ស័យរកឃើញអាវុធកែច្នៃ២ ដើមគ្រាប់កាំភ្លើងអាកា៤៣គ្រាប់ គ្រាប់កា ៥៤ចំនួន៨គ្រាប់ គ្រាប់កា៥៩ចំនួន៥គ្រាប់ ស្លាកលេខមូ៉តូចំនួន៣ ដាវសាមូរ៉ៃ១ និង បង់កាំភ្លើងកា៥៩ចំនួន១ផងដែរ ។
មន្រ្តីដដែលបន្ថែមថា ក្រៅពីអាវុធកែច្នៃ និងគ្រាប់រំសេវខាងលើនេះសមត្ថកិច្ចនៅ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លី១គ្រាប់ផងដែរនៅក្រោមជណ្តើរផ្ទះម្តាយក្មេកដែល ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់គំរាម។ ក៏ប៉ុន្តែសមត្ថកិច្ចរកមិនទាន់ឃើញកាំភ្លើងខ្លីដែលជនសង្ស័យយកទៅបាញ់គំរាមស្រ្តី រងគ្រោះជាម្តាយក្មេកនៅឡើយទេដែល ពេលនេះសមត្ថកិច្ចកំពុងបន្តសាកសួរជន សង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ