ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចុះពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តពោធិសាត់

ចែករំលែក៖

 

ខេត្តពោធិសាត់៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិសាត់។

ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក មេស្នាក់ការសន្តិសុខនៃកងរាជអាវុធហត្ថខេត្តពោធិសាត់និងនាយអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិសាត់បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល និងប្រតិភូអមដំណើរ និងបានបញ្ជាក់អំពីសភាពការណ៍សន្តិសុខ អំពីបទល្មើសធនធានធម្មជាតិ យន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ។

ចំពោះបទល្មើសព្រៃឈើ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានលើកឡើងថា៖ ភូមិសាស្ត្រខេត្តពោធិសាត់មានការកាប់បំផ្លាញព្រៃឈើតាមតំបន់មួយចំនួន តែកម្លាំងបានចុះបង្ក្រាបជាប្រចាំក៏ដូចជាវិធានការទប់ស្កាត់។ ពិសេសយោងតាមបទបញ្ជា វិធានការដ៏តឹងតែងពីនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងជំនាញបានចុះធ្វើកិច្ចការនេះទប់ស្កាត់ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបានលទ្ធផលការងារមួយចំនួនធំ។

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំដោយលោក អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិសាត់ ដែលទទួលបានលទ្ធផលការងារវិជ្ជមានប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិចំពោះការចរាចរឈើឆ្លងកាត់ និងការអនុវត្តយន្តការគ្រប់គ្រងបញ្ជា បញ្ជាការងារសន្តិសុខជាដើម។

លោកបន្តថា៖ ទន្ទឹមនឹងការងារអនុវត្តតាមតួនាទីភារកិច្ចមានលទ្ធផលជូនអង្គភាពហើយនោះ កម្លាំងយើងក៏បន្តខិតខំពង្រឹងទប់ស្កាត់លើបញ្ហាសន្តិសុខសង្គម បញ្ហាសន្តិសុខសាធារណៈ បញ្ហាសន្តិសុខជាតិជាដើម។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានមានប្រសាសន៍ជម្រុញអោយកម្លាំងត្រូវពង្រឹងលើបញ្ហាសន្តិសុខ ពង្រឹងលើការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ និងទទួលខុសត្រូវលើបញ្ហាសន្តិសុខសង្គម បញ្ហាសន្តិសុខសាធារណៈ បញ្ហាសន្តិសុខជាតិ។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានទទួលស្គាល់ការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិសាត់ ចរិកចាស់ទុំការងារ មានបទពិសោធន៍អនុវត្តតាមគោលការណ៍ថ្នាក់ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ។

លោកមានប្រសាសន៍បន្ថែមថា៖ ក្រៅពីយន្តការដឹកនាំបញ្ជាខាងលើ ក៏ត្រូវពង្រឹងកម្លាំងជំនាញខាងមន្ត្រីនគរបាលយុត្តិធម៍ក៏យកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនុវត្តនីតិវិធីរាល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ សុខ ខេមរា

 

 


ចែករំលែក៖