ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបញ្ជូនអត្តលិកចំនួន៥ប្រភេទកីឡាទៅចូលរួម The 9th ASEAN School Games នៅប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យកីឡាករកីឡាការិនីកម្ពុជាទាំង៥ប្រភេទកីឡាត្រូវរក្សាក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរក្នុងនាមជាជនជាតិខ្មែរ។ ការថ្លែងបែនេះបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនី ដែលគ្រោងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games នៅប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ ។

លោករដ្ឋលេខាធិការបានបន្ថែមថា ចំពោះការទៅចូលរួមប្រកួតព្រឹត្តិការណ៍ The 9th ASEAN School Games របស់អត្តពលិកទាំងអស់គ្នា និងថ្នាក់ដឹកនាំ តែងតែផ្ញើក្តីសង្ឃឹមនិងការជឿជាក់ថាអាចទទួលបាន លទ្ធផលល្អកបប្រសើរ ដោយនាំយកនូវភាពជោគជ័យ ត្រឡប់មកជូនប្រទេសជាតិខ្លួនវិញ។ ទន្ទឹមនឹងការផ្តាំផ្ញើនេះដែរលោករដ្ឋលេខាធិការក៏បានជំរុញឲ្យអត្តពលិកខិតខំប្រឹង អស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានបច្ចេកទេសថ្មី និងបទពិសោធន៍ពីការប្រកួតកម្រឹតអន្តរជាតិនេះ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា បទពិសោធន៍នេះ នឹងក្លាយជាទន់ដ៏សំខាន់សម្រាប់ព្រឹកត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ខណៈដែលកីឡាករកីឡាការិនី គឺផ្នែកមួយជំរុញដល់ការទំនាក់ទំនងយ៉ាងជិតស្និត រវាងក្រុមកីឡាករ កីឡាការិនី ពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត ។

កម្ពុជាបញ្ជូនកីឡាចំនួន៥ប្រភេទ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games២០១៧នោះ រួមមានទី១-ប្រភេទកីឡា វាយកូនឃ្លីលើតុ កីឡាករ ៥នាក់ ក្នុងនោះកីឡាការិនី ៣នាក់ ប្រកួតលើវិញ្ញាសាបុរសម្នាក់ទល់ម្នាក់, បុរស ២នាក់ទល់២នាក់ និង វិញ្ញាសាប្រកួតជាក្រុម បុរស-នារី ។ ទី២ប្រភេទ កីឡាអត្តពលកម្ម មានកីឡាករ ៤ នាក់ ក្នុងនោះកីឡាការិនី២នាក់ លេងវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រនារី ៤០០ម៉ែត្របុរស ៨០០ម៉ែត្របុរស-នារីនិង ១.៥០០០ម៉ែត្របុរស-នារី។ រត់បណ្ដាក់៤០០ម៉ែត្រ ៤ដងបុរស រត់ចម្ងាយ២០០ម៉ែត្រនារី ឆ្លងកាត់ឧបសគ្គគឺផ្លោះរបង និងកាត់ទឹក និង រត់៣០០ម៉ែត្រ បុរស-នារី ។

ទី៣-ប្រភេទកីឡាវាយកូនបាល់ កីឡាករ ៥នាក់ក្នុងនោះ កីឡាការិនី ៤ នាក់ លេងវិញ្ញាសា ម្នាក់ទល់ម្នាក់ បុរស ម្នាក់ទល់ម្នាក់នារី, និង វិញ្ញាសា២នាក់ទល់២នាក់ បុរស-នារី ។ ទី៤-ប្រភេទកីឡាហែលទឹកកីឡាករ ៤ នាក់ កីឡាការិនី៣នាក់ ប្រកួតវិញ្ញាសា ហែលរបៀបសេរី៥០ម៉ែត្រ និងហែលចម្ងាយ១០០ម៉ែត្របុរស-នារី, ហែលរបៀបមេអំបៅ៥០ម៉ែត្រ, ហែលចម្ងាយ១០០ម៉ែត្របុរស-នារី, ហែលរបៀបសេរី២០០ម៉ែត្របុរស-នារី។ ហែល៥០ម៉ែត្រនិង ១០០ម៉ែត្រ និង ២០០ម៉ែត្រ បុរស-នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រចម្ងាយ១០០ម៉ែត្រ និង ២០០ម៉ែត្របុរស-នារីនិង ទី៥- ប្រភេទកីឡាវាយសីមានកីឡាករ ៤ នាក់ ប្រកួតលើវិញ្ញាសាវាយគូ វាយទោល និង ប្រកួតជាក្រុមបុរ-នារី ។

សូមបញ្ជាក់ថា ការចេញដំណើរ របស់អត្តពលិកកម្ពុជានឹងទៅប្រទេសសិង្ហបុរី នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ការប្រកួតគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ៕ សារីម


ចែករំលែក៖