ប៉ោយប៉ែត: ទទួលបានគោលការណ៍ណែនាំពីលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ ព្រមទាំងការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក អ៊ាង ភារ: មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌ ទទួលបន្ទុកការងារព្រហ្មទណ្ឌ ដោយមានការសហការពីសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីកាបញ្ជាឲ្យចាប់ខ្លួន នៅចំណុចភោជនីយដ្ឋានរស្មីភ្នំពេញ (៨៨៨) ស្ថិតក្នុងភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ម៉ុត ម៉ៅ អាយុ ៣៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៣ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ដល់អ្នកដទៃ ប្រព្រឹត្តនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។ បទល្មើសនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថរៀបចំបែបបទតាមនីតិវិធី៕ វណ្ណៈ