ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តស្រាវជ្រាវរកឃើញម៉ូតូជនរងគ្រោះ រងការបាញ់ប្លន់សម្លាប់នៅស្រុកបវេល ត្រូវបានចោរប្លន់ជិះយកទៅប្លុងចោលនៅក្នុងព្រៃរបោះមួយកន្លែងចម្ងាយពីកន្លែងកើតហេតុប្រហែល៧គីឡូម៉ែត្រ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទួលក្អម ក្នុងភូមិសាស្រ្តភូមិសូភី ឃុំអន្លង់រុណ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំណែកចោរប្លន់ជាជនដៃដល់ម្នាក់ទៀតកំពុងរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង បន្តតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ក្រោយពីកម្លាំងនគរបាលចាប់ខ្លួនបានបក្ខពួកជនសង្ស័យចោរប្លន់ប្រដាប់អាវុធបានម្នាក់រួចមកហើយនោះ។
ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា សំណុំរឿងអំពើប្លន់ប្រដាប់អាវុធបាញ់សម្លាប់ជនរងគ្រោះ២នាក់យកម៉ូតូ១គ្រឿងម៉ាកវេវ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិកោះរាមឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាកម្លាំងនគរបាលក្រោមបង្គាប់ ត្រូវបន្តស្រាវជ្រាវស៊ើបអង្កេតធ្វើយ៉ាងណាបំបែកសំណុំករណីប្លន់ប្រដាប់អាវុធនេះឱ្យដល់ប្ញសគុល ពោលគឺត្រូវតាមចាប់ជនដៃដល់ចោរប្លន់ និងរកកាំភ្លើង ដែលប្រព្រឹត្តក្នុងអំពើប្លន់នោះឱ្យបានសម្រេច។
រហូតមកដល់ពេលនេះ កម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតបំបែកសំណុំរឿងចាប់បានបក្ខពួកជនសង្ស័យម្នាក់ និងរកឃើញម៉ូតូជនរងគ្រោះមកវិញនោះហើយ។ដោយឡែកជនសង្ស័យជាចោរប្លន់ម្នាក់ទៀតដែលជាជនដៃដល់ប្រើកាំភ្លើងបាញ់ជនរងគ្រោះស្លាប់កំពុងតែរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមដាវស្រាវជ្រាវរកន្លែងលាក់ខ្លួនដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយមិនឱ្យរួចខ្លួននោះឡើយ។
សូមរំលឹកថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចព្រៃស្ងាត់១កន្លែងស្ថិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ជនរងគ្រោះ២នាក់ជិះម៉ូតូឌុបគ្នា(ជាអ្នកគួកជេរទិញលក់ម៉ូតូ)ត្រូវបានចោរប្លន់បាញ់និងកាប់ស្លាប់ទាំង២នាក់។
ក្រោយពីអំពើប្លន់នោះហើយរយៈពេលប្រហែល២ម៉ោងកន្លះថ្ងៃដដែលកម្លាំងនគរបាលខេត្តបាត់ដំបង តាមចាប់ខ្លួនបក្ខជនសង្ស័យបានម្នាក់មានឈ្មោះយិន សារ៉េន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល នៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ជននេះជាអ្នករៀបចំគម្រោងអូសទាញជនរងគ្រោះមកទិញម៉ូតូហើយនាំឱ្យបក្ខពួកគេម្នាក់ទៀតរងចាំពួនស្ទាក់បាញ់ជនរងគ្រោះប្លន់យកម៉ូតូតែម្តង។
ជនរងគ្រោះទាំង២នាក់រងនូវការបាញ់សម្លាប់អំពើប្លន់ប្រដាប់អាវុធមានឈ្មោះ ឈ្មោះ១,ហួត ឈឿង អាយុ៤៥ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ជាអ្នកបើកម៉ូតូនិងម្ចាស់ម៉ូតូ ២,រឿន រិទ្ធ អាយុ២៦ឆ្នាំ ជាអ្នករួមដំណើរជនរងគ្រោះរស់នៅភូមិ ឃុំជាមួយគ្នា៕ សំ វិច្ឆិកា