ខេត្តកំពង់ធំ៖ ទោះបីររដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានព្រមានចាត់វិធានការ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ចំពោះគ្រូពេទ្យជនជាតិចិនម្នាក់ និយាយភាសាខ្មែរប៉ៃឡាំៗ ដែលធ្លាប់វះកាត់ស្រ្តីខ្មែរម្នាក់ស្លាប់ នៅក្រុងពោធិ៍សាត់ ស្រាប់តែលេចមុុខ មកលួចបើកគ្លីនិកថ្មីមួយទៀត នៅទីរួមខេត្តកំពង់ធំ ដោយគ្មានច្បាប់អនុញ្ញាតិ ហើយត្រូវបានបញ្ឈប់ តែឥឡូវបែរជាមានពេទ្យស្ទើរភ្លើងផ្សេងទៀត មកបើកគ្លឺនិកជាច្រើននៅក្នុងស្រុកស្ទោងទៅវិញ។
មជ្ឈដ្ឋាននានាសុំសួរថា គ្រូពេទ្យស្ទើរភ្លើងទាំងនោះគេបើកគ្លីនិកដើម្បីពិសោធន៍ថ្នាំ ឬបើកដើម្បីព្យាបាលមនុស្ស បើគ្រាន់តែអ្នចេះលក់ថ្នាំក៏ព្យាបាលមនុស្សដែរ មិនខ្លាច គ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតពលរដ្ឋខ្មែរទេឬ?។តើលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ជាអ្នកបើកភ្លើងខៀវមែនដែរឬទេ?។
សូមខ្សឹបប្រាប់លោក ស្រី ស៊ីន ប្រធានមន្ទីរ ម្តងទៀត បើយាងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអះអាងថា គ្រាន់តែនៅផ្សារពពក ក្នុងឃុំពពក ស្រុកស្ទោង គេឃើញមានបើកគ្លីនិកលក់ថ្នាំពេទ្យ និងបើកព្យាបាលជម្ងឺ ដោយគ្មានច្បាប់ ចំនួនពីរកន្លែងទៅហើយ ដែលគេសង្ស័យថា មានការឃប់ឃិតគ្នាជាប្រព័ន្ធ ទើបមិនហ៊ានបង្ក្រាប ។
អ្នកតាមដានរឿងគ្រូពេទ្យស្ទើរភ្លើង ភាគច្រើនគេមិនទាន់ភ្លេចទេ ប៉ុន្មានខែកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងប្រាប់តាមប្រពន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា លោកនឹងឲ្យមានការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ មិនបណ្តោយឲ្យកើតមានឡើងខុសច្បាប់ទៀតទេ។ការព្រមាន របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកើតឡើង នៅពេលដឹងព័ត៌មានថា លោកគ្រូពេទ្យជនជាតិចិនឈ្មោះ វ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ បានលួចទៅបើកគ្លីនិកមួយទៀត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានយីហោ «មន្ទីរសម្រាកព្យាបាល ក្រុងស្ទឹងសែន» ប៉ុន្តែមិនទាន់មានច្បាប់ពេញលេញនៅឡើយ។
រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា លោកប្រធានពេទ្យបង្អែកស្រុកស្ទោង ក៏ដូចជាប្រធាន និងអនុប្រធានពេទ្យខេត្តផងដែរ គឺគ្មានទេចំណាត់ការ ឬការបញ្ឈប់ ក្រុមគ្រូពេទ្យស្ទើរភ្លើងទាំងនោះ។ផ្ទុយមកវិញ គឺពួកគេពូកែតែខាងដោះសារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតពលរដ្ឋខ្មែរឡើយ៕ ប៊ុន រិទ្ធី