ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅក្រុងបាវិត កំពុងមានការព្រួយបាម្ភយ៉ាងខ្លាំង និងសុំអន្តរាគមន៍ពីមន្ត្រីជំនាញ ខណៈសត្វគោក្របីរបស់គាត់បានងាប់ និងកំពុងមានជំងឺជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ ខេត្តស្វាយរៀងបានអោយដឹងថា ពិតជាមានករណីនេះកើតឡើងមែន ដោយផ្ទះចុងក្រោយគឺនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយសរុបគោក្របីដែលងាប់៥ក្បាល និងកំពុងមានជំងឺព្យាបាល៨ក្បាល។
លោកបន្តថា ចំពោះសត្វគោដែលងាប់នេះ សង្ស័យមានជំងឺសារទឹក និងត្បៀតក ខណៈរូបលោក និងក្រុមការងារមន្ត្រីជំនាញបានចុះទៅដល់ផ្ទះម្ចាស់គោក្របី ដោយយកឧបករណ៏បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង និងរោង ព្រមទាំងបូមឈាមពីសត្វគោ ដែលសង្ស័យមានជំងឺទៅឡាបូពិសោធន៏រយះពេល៧ថ្ងៃនឹងដឹងលទ្ធផលពិតប្រាកដ មិនតែប៉ុណ្ណោះ ក៏បានចុះផ្សព្សផ្សាយដល់អ្នកភូមិ៨២គ្រួសារ ក្នុងភូមិ សង្កាត់ព្រៃអង្គុញនេះ ឲ្យបានជ្រួនជ្រាបហើយបើសត្វគោក្របីដែលសង្ស័យផ្ទុះជំងឺសូមមេត្តារាយការណ៏មកមន្ត្រីពេទ្យសត្វភ្លាមៗងាយស្រួលក្នុងការចាក់វាក់សាំងការពារផងដែរ ៕ យឹម សុថាន