ខេត្តកណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ជិះកង់ចេញពីខណ្ឌច្បារអំពៅរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ក្នុងគោលបំណងលួចគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចត្រូវបានសមត្ថកិច្ចនករបាលប៉ុស្តិ៍រដ្ឋបាលតាក្តុលបង្រ្កាបចាប់ខ្លួន គ្រាដែលសមត្ថកិច្ចចេញល្បាតប្រទះឃើញជនសង្ស័យជិះកង់ម្នាក់ឯងឆែកឆេររកឃើញវត្ថុតាងពាក់ព័ន្ធ កាលពីវេលាម៉ោង៤ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងអ៊ុក ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងឈើ បច្ចុប្បន្នស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនករបាលប៉ុស្តិ៍រដ្ឋបាលតាក្តុលបានជិះម៉ូតូចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យកំពុងជិះកង់ ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យរូបនេះឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍សំរាប់ឆ្កឹះសោរចំនួន១ ធ្វើអំពីដែក នៅជាប់ខ្លួនជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យរូបនេះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុរូបគេបានជិះកង់ចេញពីកន្លែងស្នាក់នៅឯខណ្ឌច្បារអំពៅ រាជធាំនីភ្នំពេញ ក្នុងគោលបំណងដើរលួចគាស់ផ្ទះប្រជាពលរដ្ឋ ខណៈកំពុងជិះកង់តាមដងផ្លូវក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនរូបគេបានតែម្តង ៕ ស្អាងជ័យ