ខេត្តកណ្តាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកអ្នកថ្មើរជើងនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សែម សៅ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Y-3627 បើកបរដោយឈ្មោះ ហេង សុខ ភេទប្រុស អាយុ៤៤ឆ្នាំ (រងរបួសស្រាល) ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមខាងលើនេះ បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំពេញ ដោយល្បឿនមធ្យម ។ លុះបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកស្ត្រីរងគ្រោះកំពុងដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចពេញមួយទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ រីឯបុរសជាអ្នកបើកបរម៉ូតូរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ចំណែកឯអ្នកបើកបរម៉ូតូត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំអន្លង់រមៀត ។ បច្ចុប្បន្នម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ