ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទថាលោក ម៉ៅ មិនត្រឹមតែជីកយកអាចម៍ដីមានទំហំធំៗ និងមានជំរៅដល់ក្បាលប្រែតប៉ុណ្ណោះទេ ថែមទាំងដឹកដីបំផ្លាញផ្លូវមួយខ្សែនៅក្នុងសង្កាត់ក្របីរៀលរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្របីរៀលរិះគន់ លោកម៉ៅ ដែលដឹកដីលក់បណ្ដាលឲ្យខូចផ្លូវលំមួយខ្សែ ដោយពូកគាត់អះអាងថា បច្ចុប្បន្នផ្លូវនោះ រងការខូចខាតដោយសាររថយន្ដដឹកដីបើកឆ្លងកាត់ ធ្វើឱ្យពួកគេ ពិបាកធ្វើដំណើរ ទាំងនៅរដូវវស្សានិងរដូរប្រាំង ។

ប្រជាពលរដ្ឋរស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានប្រាប់នារសៀលថ្ងៃទី១៧ កក្កដាថា ផ្លូវ១ខ្សែ នេះខូចខាតដោយសារតែមានរថយន្តធំៗដឹកដី លោកម៉ៅដែលឆ្លងកាត់ដោយមិនមានការទប់ស្កាតពីអាជ្ញាធ័រធ្វើឲ្យ ផ្លូវនេះខូចខាតខ្លាំងរយៈពេលជាង១ឆ្នាំហើយ ប្រជាពលរដ្ឋគាត់ពិបាកធ្វើដំណើរឆ្លងកាត់ណាស់ នៅរដូវវស្សាមានទឹកលិចបែកភក់ និងដូវប្រាំងមានដីហុយធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ម្យ៉ាង ទៀតរថយន្ដដឹកដីចាប់ផ្ដើមដឹក ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៥ល្ងាច ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមានប្រមាណ១០០រថយន្ដ។

ពួកគាត់បានបន្ថែមថា ក្រុមរថយន្ដដឹកជញ្ជូនដីនោះ ជារបស់ថែកែ ឈ្មោះ ម៉ៅ ប៉ុន្ដែមិនដឹងថា មានច្បាប់អនុញ្ញាតឬក៍អត់នោះទេ ហើយថៅកែជីកដីនេះ មិនត្រឹមតែជីកមានរណ្ដៅដីជ្រៅដល់ក្បាលប្រែត និង ទំហំធំៗ ប៉ុណ្ណោះទេ ថែមទាំងបានបំផ្លាញព្រៃលិចទឹក នៃបឹងទន្លេសាបផងដែរ។ ទាក់ទិននឹងករណីនេះដែរ អាជ្ញាធរសង្កាត់ក្របីរៀល បានទទួលស្គាល់ថា ផ្លូវនេះខូចខាតដោយសាររថយន្ដដឹកដីររបស់ថៅកែឈ្មោះមៅនោះមែន។ ប្រជាពលរដ្ឋទាំង១២ភូមិ ក្នុងសង្កាត់ក្របីរៀលនេះ គ្មានផ្លូវណាផ្សេងអាចធ្វើដំណើរជំនួសបានឡើយ ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ធ្លាប់មានប្រសាសន៍នៅក្នុងពិធីសម្ភោធបើកការដ្ឋានផ្លូវមួយខ្សែប្រវែង ១៣០០ម៉ែត្រ កាលពីថ្ងៃទី៨ខែកក្កដានេះថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចហ៊ុន សែន ជាប្រធាន នៅតែបន្ដអភិវឌ្ឍផ្លូវជាបន្ដ​បន្ទាប់ បើទោះបីនៅឃុំ សង្កាត់ ខ្លះមានមេឃុំថ្មីដឹកនាំក៍ដោយ៕ ប៊ុន រិទ្ធី


ចែករំលែក៖