ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះជាម្ចាស់ទ្រព្យចាប់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ ជនរងគ្រោះជាម្ចាស់ទ្រព្យ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យ​សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែទន្លាប់ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូប​នេះធ្វើសកម្មភាពលួចឈើងម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះ ។ ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចខ្ទមអ្នកតា ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ ចំណែកឯជនរងគ្រោះជាម្ចាស់ជើងម៉ាស៊ីនបូមទឹកនោះឈ្មោះ ម៉េង យូឡេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកជើងម៉ាស៊ីនបូម​ទឹកនៅក្បាលដីចម្ការពុទ្ទ្រា ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ លុះមក​ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានដើរទៅរកបូមទឹកដាក់ចម្ការពុទ្ទ្រា ស្រាប់​តែបាត់ជើងម៉ាស៊ីនបូមទឹកមិនឃើញនៅកន្លែងទុក ។ បន្ទាប់មកជនរងគ្រោះក៏បានដើរមកភូមិ​វិញសួរនាំប្រជាពលរដ្ឋដែលមានដីចម្ការក្បែរនោះ ទើបដឹងថា ជើងម៉ាស៊ីនត្រូវបានជនសង្ស័យ​ឈ្មោះ សុខ វាសនា ជាអ្នកលួច ។

ក្រៅពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ជនរងគ្រោះបានដើរតាមរកជនសង្ស័យរហូត​ប្រទះឃើញកំពុងដេកក្នុងអង្រឹងនៅឯខ្ទមអ្នកតា ក៏ចាប់សួរនាំឈានដល់នាំទៅបង្ហាញពីទី​តាំង​ទទួលទិញជើងម៉ាស៊ីន ។ បន្ទាប់ពីមានភស្តុតាងរួចមក ជនរងគ្រោះបានចាប់ខ្លួនជន​សង្ស័យប្រគល់ឲ្យសមត្ថកិច្ចនករបាលប៉ុស្តិ៍រដ្ឋបាលព្រែទន្លាប់ ដើម្បីកសាងសំណុំរឿងចាត់ការ​តាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖