ព័ត៌មានទាន់ហេតុការណ៍៖

ឈប់រថយន្តដូរកង់មិនដាក់ស្លាកសញ្ញាត្រូវបុរសម្នាក់បើកម៉ូតូបុកពេញមួយទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកថ្មឈប់នៅលើទ្រូងផ្លូវ ដើម្បីដោះដូរកង់ដោយពុំបានដាក់ស្លាកសញ្ញា ក៏ត្រូវបុរសម្នាក់បើកម៉ូតូបោះពួយបុកពេញមួយទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៣១-៣២ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ខឹម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដើមឬស ឃុំដើមឬសស្រុកកណ្ដាលស្ទឹង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-1809 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកថ្ម ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ3B-2983 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបែនដឹកថ្ម​ខាងលើនេះបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះបើកមកដល់ចំណុចកើតហេតុរថយន្តខាងលើនេះបានឈប់នៅលើទ្រូវផ្លូវដោះដូរកង់ ស្របពេលនោះជនរងគ្រោះជិះមកដល់បុកគូថរថយន្តបែនដឹកថ្មនេះពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរា​ចរណ៍​ស្រុកកណ្តាលស្ទឹង ធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖