ព័ត៌មានទាន់ហេតុការណ៍៖

នារី៣នាក់ ​ជិះម៉ូតូឌុបគ្នា ​តាមផ្លូវ ​ត្រូវ​ជនសង្ស័យ​៨នាក់ជិះម៉ូតូ៤គ្រឿងតាម​ឆក់ទូរស័ព្ទមិន​សម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារី៣នាក់ ខណៈជិះម៉ូតូឌុបគ្នាទៅជួបមិត្តភក្តិ ក៏ត្រូវជនសង្ស័យ​មួយក្រុមមានគ្នា ៨នាក់ ជិះម៉ូតូ៤គ្រឿងបានជិះម៉ូតូតាម​មកពីក្រោយ ​ហើយក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ដៃពីនារីដែលអង្គុយខាងក្រោយតែមិនបានសម្រេច ​បណ្តាលអោយ​នារីរងគ្រោះ ដួលម៉ូតូ​រងរបួសស្រាល​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣និង២០នាទីយប់​ ថ្ងែទី២៣ ខែកក្កដា ​ឆ្នាំ២០១៧ ​តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ម្តុំផ្សារដើមគរ ​ដែលស្ថិតក្នុងសង្កាត់​ ទួលស្វាយព្រៃ២​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។​

បើតាមសម្តីនារីរងគ្រោះខាងលើបានឲ្យដឹងថា ​មុនពេលកើតហេតុ ​គាត់មានគ្នា៣នាក់ ​បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​សេ១២៥ ​ពណ៍ខ្មៅ ​ដែលមានពាក់ស្លាកលេខ ភ្នំពេញ1FN-2155 ​ទើបតែជិះ​ចេញពីកោះពេជ្រ​ បំរុងថាជិះទៅផ្ទះ ​នៅម្តុំចំការដូង ​តែជិះដល់ផ្សារដើមគរ ​មិត្តភក្តិម្នាក់ ​ក្នុងចំណោមនោះ​ ក៏បានហៅ​ឲ្យជូនទៅយកកាដូរពីសង្សារ​ ដែលនៅម្តុំ ​សណ្ឋាគារផ្កាឈូកទិព្វ ​ហើយបានធ្វើដំណើរ​តាមបណ្តោយផ្លូវ​ព្រះមុនីរ៉េត ​ក្នុងទិសដៅពីត្បូងទៅជើង ​ខណ:ពេលធ្វើដំណើរមកដល់កន្លែង​កើតហេតុខាងលើ ​ម្តុំផ្សារដើមគរ​ នារីម្នាក់ដែលអង្គុយ​ខាងក្រោយ​ កំពុងតែកាន់​ទូរស័ព្ទដៃនិយាយ ក៏មានក្រុមជនសង្ស័យ​មានគ្នា ៨នាក់ ​ជិះម៉ូតូ៤គ្រឿង​ ដេញតាម​នារីរងគ្រោះពីក្រោយ​ ហើយបានជិះមកជិត​ ធ្វើសកម្មភាពឆក់ទូរស័ព្ឌដៃ​ ពីនារីរងគ្រោះខាងលើ​ ដែលកំពុងតែកាន់​ទូរស័ព្ទដៃនិយាយ ​ប៉ុន្តែឆក់មិនបានសំរេច ​ក៏បណ្តាលឲ្យនារីរងគ្រោះខាងលើ​ ដួលម៉ូតូ ​រងរបួសស្រាលទាំង៣នាក់ ​ចំណែកក្រុមជនសង្ស័យឃើញនារីរងគ្រោះដួលដូច្នេះក៏​ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន​បាត់ស្រមោលតែម្តង ។​

ក្រោយពេលកើតហេតុភ្លាមៗ​ នារីរងគ្រោះខាងលើ​ មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ​បានទូរស័ព្ឌ​ហៅមិត្តភក្តិ ឲ្យ​មកកំដរជិះម៉ូតូទៅផ្ទះវិញផងដែរ ៕​ ស រស្មី


ចែករំលែក៖