ភ្នំពេញៈ ជនសង្ស័យពីរនាក់ បានប្រើល្បិចខ្ចីទូរស័ព្ទពីក្មេងប្រុសពីរនាក់ ខលទៅមិត្តភក្ដិ ហើយក៏ត្រូវ ជនសង្ស័យ បម្រុងឡើងជិះម៉ូតូគេចខ្លួន ក៏ត្រូវជនរងគ្រោះដេញតាមពីក្រោយស្រែកហៅប្រជាពលរដ្ឋឲ្យជួយតាមចាប់ ធ្វើឲ្យជនសង្ស័យភ័យ ក៏ជិះម៉ូតូជ្រុលទៅបុកខឿនដួល ទើបប្រជាពលរដ្ឋចាប់បានតែមង្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្ដុំវិទ្យាល័យបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ទ្រី បារ៉ាម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅខណ្ឌច្បារអំពៅ ជាជនដៃដល់ ដែលចុះទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះពីរគ្រឿង ម៉ាក LG និង SAMSUNG ជនសង្ស័យ ទី២មាន ឈ្មោះ ថា វ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូចាំឌុប។
ជនរងគ្រោះឈ្មោះ ម៉ូវ ឆេងឃាង អាយុ១៦ឆ្នាំ និងឈ្មោះ ធឿន តារា អាយុ១៥ឆ្នាំ ។
បើតាមប្រភពព័ត៌មានពីឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយលេងកុំព្យូទ័រទាំងពីរនាក់ ហើយក៏មានជនសង្ស័យទាំង២នាក់ខាងលើបានដើរមកសុំខ្ចីទូរស័ព្ទដៃដើម្បីខលទៅមិត្តភក្តិ ហើយភ្លាមៗ ក៏ឆក់យកទូរស័ព្ទមួយគ្រឿងទៀតពីដៃហើយបានព្យាយាមរត់ឡើងលើម៉ូតូជិះគេច តែជនរងគ្រោះទាំងពីរបានដេញតាម និងស្រែកហៅឲ្យប្រជាពលរដ្ឋជួយចាប់ ធ្វើឲ្យជនសង្ស័យភ័យ ក៏បានជិះម៉ូតូទៅបុកខឿនដួល ទើបប្រជាពលរដ្នដេញចាប់ភ្លាមៗផងដែរ ហើយក៏ប្រគល់ជនសង្ស័យទាំង២នាក់ខាងលើឲ្យទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន វាយខ្នោះយកមកសាកសួរ នាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់។
ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះទាំង២នាក់ក៏ត្រូវអាវុធហត្ថខណ្ឌចំការមនប្រគល់ឲ្យទៅវិញផងដែរ ៕ ស រស្មី