ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមបង្កជម្លោះវាយតប់គ្នាបង្កចលាចលផ្អើល សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខ ព្រោះតែពួកគេស្រែកថា មានករណីចោរប្លន់ ប៉ុន្តែពេលប៉ូលីសទៅដល់ឃើញមានដំុថ្ម និងដំបងវាយគ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសដេកពេទ្យម្នាក់ និងឃាត់ខ្លួនវាយខ្នោះ៣នាក់ ឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន។
ករណីហិង្សានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវសាធារណៈមួយកន្លែងក្នុងភូមិគោកឃ្លាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប៉ូលិសបានឲ្យដឹងថា៖ ក្រុមបុរសបង្កជម្លោះដែលត្រូវបានឃាត់ខ្លួនទាំង៣នាក់នោះ ១/ ឈ្មោះជ័យ សុភ័ក្ត្រ អាយុ៣០ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅផ្ទះជួល ម្តុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ២/ឈ្មោះធុយ ស៊ីថា អាយុ២៣ឆ្នាំ មុខរបរជាងក្រឡឹង។ ៣/ឈ្មោះ យេប សុខយ៉េន អាយុ១៨ឆ្នាំ មុរខរបរធ្វើជាងក្រឡឹង ។ ចំណែកម្នាក់ទៀត ដែលរងរបួសធ្ងន់កំពុងដេកមន្ទីរពេទ្យ ឈ្មោះយុយ ហេរ៉ូ អាយុ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ របួសដាច់ម្រាមដៃនិងបែកក្បាល។
តាមប្រភពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុភាគីទំនាស់មានគ្នា៦នាក់ដោយភាគីទី១ មានគ្នា២នាក់ ១ឈ្មោះ ធុយ ស៊ីថា ២ឈ្មោះ យេប សុខយ៉េន (ឃាត់ខ្លួន) និងភាគីទី២មានគ្នា៤នាក់ មាន១ឈ្មោះ យុយ ហេរ៉ូ(ដេកពេទ្យ) ២ឈ្មោះជ័យ សុភ័ក្ត្រ (ឃាត់ខ្លួ)និង២នាក់ទៀតគេចខ្លួន។
ប្រភពដដែលបន្តទៀតថា ដោយសារពួកគេ ជិះម៉ូតូតាមផ្លូវហើយបានឌឺដងពាក្យសំដីដាក់គ្នា ពេលនោះដោយសារភាគីទី១អាងមានគ្នីគ្នាច្រើនក៏បាន មកវាយលើភាគីទី២ ប្រតាយប្រតប់គ្នាដោយប្រើដំថ្មផងដំបង បង្កចលាចលផ្អើលប្រជាជន ហើយប្រជាជនបានរាយការណ៍តាមទូរស័ព្ទមកប្តឹងប៉ូលិស មូលដ្ឋានមកជួយអន្តរាគមជាក់ស្តែងឃាត់ខ្លួនបាន៤នាក់ តែ២នាក់ទៀតបានរត់គេចខ្លួនបាត់។
នៅកន្លែងកើតហេតុប៉ូលិសបានប្រមូលវត្ថតាំងបង្កហេតុមានដំថ្ម និងដំបងដែលបន្សល់ទុករាយប៉ាយលើដងផ្លូវនោះនិងម៉ូតូចំនួន៤គ្រឿងទៀតយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕ តុង សីហា