ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបពីកម្មការិនីរោងចក្រជិះម៉ូតូរត់ ត្រូវសមត្ថកិច្ចចាប់បានតែស្រី្ត ឯបុរសរត់គេចបាត់

ចែករំលែក៖

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវមិត្តភ័ក្តិរួមការងារជាបុរសដឹកតាមម៉ូតូយកទៅទម្លាក់ចោលតាមផ្លូវខណៈដែល សមត្ថកិច្ចកំពុងដេញចាប់ប្រផាប់ចាប់ប្រភីងទាល់តែបាន គ្រាដែលពួកគេធ្វើសកម្មភាពឆក់កាបូបពីកម្មការិនីរោងចក្រម្នាក់បានសម្រេចហើយជិះម៉ូតូរត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នៅ ត្រង់ចំណុចផ្លូវបេតុង ក្បែរផ្សារសាំហាន់ ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ លី សុខឃាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១៩ ផ្លូវ២៧៣ ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះរបានដើរចេញពីរោងចក្រ រ៉ូស៊ីង ជិតផ្សារសាំហាន់ សំដៅទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង័្សយ២នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ គ្មានសា្លកលេខបាន ធើ្វសកម្មភាពឆក់កាបូបពីជនរងគ្រោះដោយស្រី្តឈ្មោះលី សុខឃាងជិះពីក្រោយជាអ្នកឆក់។ ពេលនោះស្រី្តរងគ្រោះក៏បានស្រែកថា ចោរៗ ហើយស្របពេលនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ឃើញទាន់ក៏ជួយធ្វើអន្តរាគមន៍ ដេញជនសង្ស័យទៅដល់ផ្លូវបេតុងកែងផ្លូវលេខ២៧៣ (ខាងកើតផ្ទះសំណាក់សារីធំ)ទើប ជនសង្ស័យម្នាក់ជាបុរសអ្នកបើកបរម៉ូតូបានអែបម៉ូតូតាមចិញ្ចើមផ្លូវហើយបានទម្លាក់ជនសង្ស័យម្នាក់ឈ្មោះ លី សុខឃាង ភេទស្រី ចោល ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឯបុរសជាបក្ខពួកជិះម៉ូតូត្រូវជាមិត្តរួមការងារនឹងស្រី្តឈ្មោះ លី សុខឃាង បានគេចខ្លួនបាត់ភ្លាមតែម្តង។រីឯសម្ភារៈសមត្ថកិច្ចដកហូតពីជនសង្ស័យ រួមមាន កាបូបដៃមួយ ដែលនៅក្នុងកាបូប មាន ទូរស័ព្ទដៃ១គ្រឿងម៉ាកសាំស៊ុងណូតធូ ប្រគល់ឲ្យស្រី្តរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ ស្រាវជ្រាវរកបក្ខពួក និងបទល្មើសកន្លងមក រួចបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ អរុណរះ


ចែករំលែក៖