ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែល ក្នុងការដឹកអាចម៍ដីជញ្ជូនចេញពីការដ្ឋានបានធ្វើឲ្យធ្លាក់ប្រឡាក់រាយប៉ាយពេញផ្លូវលេខ ៥១ កែង១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញនោះ ត្រូវបានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញចាត់កម្លាំងប្រជាការពារចុះទៅហៅម្ចាស់ការដ្ឋានមកបោសសំអាត និងអប់រំកុំឲ្យធ្វេសប្រហែលដូច្នេះទៀត ។
លោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ថាដោយមើលឃើញពីការធ្វេសប្រហែសរបស់របស់អ្នកបើកឡានដឹកដីមួយគ្រឿង ដែលបើកដឹកដីចេញពីការដ្ឋានសំណង់គយក្បែរពេទ្យព្រះអង្គឌួង ដោយបើកតាមបណ្តោយផ្លូវ៥១ កែង១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ក៏បានធ្លាក់អាចម៌ដីនិងផុកប្រឡាក់ពេញផ្លូវនោះ។ ដោយឃើញដូច្នេះលោកសុខ ពេញវុធ អភិបាលខណ្ឌដូន បានចាត់កម្លាំងប្រជាការពារខណ្ឌចុះទៅត្រួតពិនិត្យមើលនៅទីតាំងនោះនិងបានហៅម្ចាស់ការដ្ឋានមកបោសសំអាតឲ្យស្អាតដូចដើមវិញ ដោយអប់រំកុំឲ្យធ្វេសប្រហែលទៀត ។
លោក គឹម វុត្ថា បានបន្តទៀតថាបន្ទាប់ពីលោកអភិបាលបានអប់រំណែនាំដល់ម្ចាស់ការដ្ឋាន សូមឲ្យអ្នកបើកឡានដឹកដី កុំឲ្យធ្វេសប្រហែសដូច្នេះតទៅទៀតមុនពេលដឹកអាចម៌ដីចេញ ចូល ត្រូវពិនិត្យឲ្យបានត្រឹមត្រូវចៀសវាងធ្លាក់ឬជ្រុះអាចម៌ដីប្រឡាក់ផ្លូវដូច្នេះតទៅទៀត ។
គួរបញ្ជាក់ផងដែរថាកន្លងមក លោកអភិបាលខណ្ឌដូនពេញ បានឃាត់រថយន្តដឹកដីនៅការដ្ឋានគយនេះម្តងរួចមកហើយដោយរថយន្តដឹកអាចម៍ដីធ្លាក់ប្រឡាក់នៅផ្លូវនរោត្តម កាលពីរសៀលថ្ងៃទី០៥ខែកក្តដាឆ្នាំ២០១៧ ដោយអ្នកបើកឡានដឹកដីរូបនោះបានទទួលខុសត្រូវទាំងស្រុងពីកំហុសឆ្គមរបស់ខ្លួនដែលឡានគាត់របូតគន្លិះខាងក្រោយទើបធ្លាក់អាចម៌ដីបែបនេះ។លោកសន្យាថានឹងឈប់ឲ្យមានកំហុសឆ្គងដូច្នេះតទៅទៀតហើយ ហើយក៏សូមអរគុណលោកអភិបាលខណ្ឌដូនពេញដែរ ៕ ស តារា