ព័ត៌មានទាន់ហេតុការណ៍៖

ឈឺក្បាលវិលមុខ គ្រូពេទ្យដៃឯកចាក់ថ្នាំ៣ម្ជុលស្លាប់ទាំងវ័យក្មេង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីជាកម្មការិនីម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលមានជំងឺឈឺក្បាលវិលមុខ ហើយ បានទៅរកគ្រូពេទ្យសង្ស័យអត់សញ្ញាប័ត្រឲ្យជួយព្យាបាល និងចាក់ថ្នាំហើយក៏ប្រតិកម្មថ្នាំតែម្ដង។

ហេតុការណ៏នេះកើតឡើងកាលពីវេលា ម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមលោកពិនអានអធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា គ្រូពេទ្យសង្ស័យមានឈ្មោះ ហាស់ ប៊ុនធឿន ហៅទុន ភេទប្រុស អាយុ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។

ចំណេកឯនារីរងគ្រោះមានឈ្មោះ ថោង វលក្ខ័ មានអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិស្វាយផ្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ។

ប្រភពបន្តថា មុនពេលកើតហេតុគឺនារីរងគ្រោះមានអការមិនស្រួលខ្លួនឈឺក្បាលវិលមុខ ហើយ ក៏បានសុំច្បាប់ខាងរោងចក្រទៅផ្ទះបន្ទាប់មកជនរងគ្រោះក៏បានចូលផ្ទះគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល។

ក្រោយពីពិនិត្យមើលរួចមក គ្រូពេទ្យខាងលើឈ្មោះ ហាស់ ប៊ុនធឿន បានយកថ្នាំអំពូលឡារ៉ូស ថ្នាំដបតូចសង់តា ថ្នាំអំពូលកុងខ្វូ ថ្នាំអូពូលបេកូស៊ីន ដោយបានកាច់ថ្នាំចំនួន ៣អំពូល លាយគ្នាដើម្បីចាក់ បន្ទាប់មកគ្រូពេទ្យសង្ស័យបាន កាច់ថ្នាំអំពូលបេកូស៊ីន មួយអំពូលទៀតចាក់ ជនរងគ្រោះចំភ្លៅចំនួន ២ម្ជុលទៀត បណ្តាលឲ្យប្រតិកម្មថ្នាំ ជនរងគ្រោះស្លាប់តែម្តង ។

ក្រោយពីឃើញសភាពការណ៏មិនស្រួលជនសង្ស័យបាត់រត់គេចខ្លួនភ្លាមៗតែម្ដង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកកែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹង សៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៧នេះថាពិតជាមានករណីនេះមែនដោយក្រោយពេលកើតហេតុភ្លាមលោកបានចាត់ឲ្យក្រុមបច្ចេកទេសរបស់មន្ទីសុខាភិបាលចុះទៅដល់កន្លែងដើម្បីស្រាវជ្រាវរកមូលហេតុឲ្យប្រាកដ។

លោកបន្តថា ចំពោះគ្រូពេទ្យដែលសង្ស័យចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់នោះ គឺមិនមានឯកសារ និងសញ្ញាបត្របញ្ជាក់សម្គាល់អ្វីឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ និងបានប្រគល់សពជូនក្រុម គ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖