ភ្នំពេញៈ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជនបរទេសដែលឆបោកលុយ ជិត៣០លានដុល្លារ ពីភរិយាលោក កៅ គឹមហួន ដែលជាអគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវបានតុលាការឃុំខ្លួនហើយ ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ប្រភពព័ត៌មានថា លោក លី សុខលេង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ជនជាតិកូសូវ៉ូ ដោយចោទប្រកាន់ពីបទ ឆបោក និងសមគំនិត ក្នុងការចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ។
ក្រោយពីស្រាវជ្រាវ និងតាមប្រមាញ់មួយរយៈខ្លី ជនសង្ស័យ ដែលជាជនបរទេសម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន និងបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ កក្កដា បន្ទាប់ពីស៊ីដាច់ប្រាក់ ភរិយាលោក កៅ គឹមហួន អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ជិត៣០លានដុល្លារ។
លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់ប្រភពព័ត៌មានថា រឿងករណីឆបោកលុយរាប់លានដុល្លារនេះ លោកមិនស៊ីជម្រៅទេ គ្រាន់តែដឹងថា កម្លាំងអាវុធហត្ថជាអ្នកធ្វើ ក្រោមបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ប៉ុណ្ណោះ។
ជនសង្ស័យឈ្មោះ DENIS COKOVIC ហៅ DENIS DENY ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិកូសូវ៉ូ ត្រូវបានតំណាងអយ្យការ ចោទពីបទឆបោក និងសមគំនិត ក្នុងអំពើមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ (មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់) ៕